ភ្នំពេញ ៖ ជនជាតិចិនម្នាក់ដែលបានបន្លំតាំងធ្វើជាមគ្គុទេសក៍ទេសចរណ៍ ដើម្បីនាំភ្ញៀវដើរនៅតាមតំបន់រមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ត្រូវបានឃាត់ខ្លួនយកទៅសាកសួរនៅឯមន្ទីរទេសចរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។
មន្ត្រីមន្ទីរទេសចរណ៍បានថ្លែងថា យើងទាំងអស់គ្នាដឹងហើយថា វិស័យទេសចរណ៍នៅកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនាពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសភ្ញៀវទេសចរដែលមកពីប្រទេសចិន ដែលបានចូលមកប្រទេសកម្ពុជា មិនថាអ្នកវិនិយោគឬមកទេសចរណ៍នោះទេ ដែលយើងមើលឃើញថា ជនជាតិមាននៅគ្រប់ទីកន្លែងទាំងអស់ ដោយសារតែកំណើននេះហើយដែលធ្វើឱ្យក្រសួងទេសចរណ៍ខិតខំរិះរកយុទ្ធសាស្ត្រ ដើម្បីទទួលស្វាគមន៍ពួកគេ ដូចជាការបង្កើតរមណីយដ្ឋានថ្មីនិងការបណ្តុះបណ្តាលមគ្គុទេសទេចរណ៍ដើម្បីបំរើសេវាកម្មឱ្យបានល្អ ឱ្យសាកសមទៅនឹងពាក្យថា “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ”។

ដោយសម្លឹងឃើញភាពរីកចំរើននិងកំណើននៃភ្ញៀវទេសចរចិនដូចនេះហើយ បានជាជនជាតិចិនមួយចំនួន បានលួចបន្លំតាំងខ្លួនធ្វើជាមគ្គុទេសក៍ដើម្បីនាំភ្ញៀវទាំងនោះ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ ជនជាតិចិនដែលមកពីប្រទេសចិន គ្មានវិជ្ជាជីវៈដើរណែនាំភ្ញៀវដោយខ្លួនឯងតាមរូបភាពផ្សេងៗនៅរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ដោយគ្មានខ្លាចរអាពីច្បាប់ប្រទេស ធ្វើឱ្យបាត់បង់គុណតម្លៃនៃវិស័យទេសចរណ៍របស់ប្រទេស ធ្វើឱ្យមគ្គុទេសក៍ទេសចរណ៍ដែលទទួលបានការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍គ្មានទីផ្សារ។

ដោយសាបញ្ហានេះហើយទើបធ្វើឱ្យមគ្គុទេសក៍ភាសាចិន មានភាពខឹងសម្បារយ៉ាងខ្លាំងទើបបានសហការជាមួយមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានចុះឃាត់ខ្លួនជនជាតិចិនមួយរូបដែលកំពុងនាំភ្ញៀវទេសចរចិន ដើរកំសាន្តតាមមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេនាំទៅសាកសួរនៅឯមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
ក្រោយពីបានសួរនាំបានឱ្យដឹងថា ជនជាតិចិនដែលតាំងខ្លួនជាមគ្គុទេសក៍មានឈ្មោះ LIU QINGMIN ភេទប្រុស កាន់លិខិតឆ្លងដែន លេខ EA3681100 បានសារភាពថាខ្លួនពិតជាបាននាំភ្ញៀវដើរកម្សាន្តប្រាកដមែន។
សូមបញ្ជាក់ថា ជនជាតិចិនខាងលើនេះមិនមែននាំភ្ញៀវជាលើកទីមួយទេ រូបគេធ្លាប់បានទទួលការណែនាំពីមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ម្តងរួចមកហើយ ហើយបានធ្លាប់ផ្តិតមេដៃធ្វើកិច្ចសន្យារួចមកហើយដែរ។

ក្រុមមន្ត្រីក្រសួងទេសចរណ៍ រួមមានលោកឈឿប ភីរុម្យ ប្រធានការិយាល័យបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍ លោកពុទ្ធា សោភណ្ណរ៉ា ប្រធានការិយាល័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ អ្នកស្រីសាយ ពិសី ប្រធានការិយាល័យបណ្តុះបណ្តាលមគ្គុទេសក៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោកសៅ វឌ្ឍនា នាយផ្នែកប៉ូលិសទេសចរណ៍គោលដៅ បានសម្រេចចិត្តធ្វើការផាកពិន័យជនជាតិចិន ដែលនាំភ្ញៀវខុសច្បាប់ខាងលើស្របទៅតាមគោលការណ៍ស្មារតីនៃច្បាប់ស្តីពីទេសចរណ៍មាត្រា៦៥ នៃព្រះរាជាណាចក្រកម្ពុជាចំនួន២លានរៀល នៃតំលៃអប្បរមាក្នុងករណីមិនរាងចាលហើយនៅតែបន្តនាំភ្ញៀវដោយខុសច្បាប់ទៀត ការផាកពិន័យកើនឡើងរហូតដល់អតិបរមា២០លានរៀល ព្រមទាំងចាត់ការតាមនីតិវិធីច្បាប់ផ្សេងដែលបានចែង។

ការផាកពិន័យនេះដែរ ក៏មានការចូលរួមដឹងឮពីលោកឈិន ដាវី ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចម្រុះប្រចាំរាជធានីភ្នំពេញ លោកឈុន សំណាង អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចម្រុះ និងជាប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិន ប្រចាំរាជធានីភ្នំពេញ អ្នកស្រីដោក ចន្ទី អនុប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ អ្នកស្រីតាន់ សុវណ្ណយូ លេខាធិការសមាគមន៍មគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជធានីភ្នំពេញ និងមគ្គុទេសក៍ទេសចរណ៍ភាសាចិនប្រចាំរាជាធានីភ្នំពេញជាច្រើននាក់៕