ខេត្តកំពង់ឆ្នាំង ៖ បុរសជាជាងផ្សារដែកម្នាក់បានយកម៉ូទ័រទៅកាត់ដែក ស្រាប់តែអកុសលផ្លែម៉ូទ័របានបាក់ខ្ទាតចំបំពង់ក បណ្តាលឱ្យឈាមបាញ់ស្រោចពេញខ្លួនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះស្រី គីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារកាត់ដែក មានលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយកាត់ដែកផ្សារនៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ ដែលជាសំណង់សម្រាប់ធ្វើផ្សាររាត្រី។ ខណៈពេលដែលជនរងគ្រោះកំពុងប្រើម៉ូទ័រកាត់ដែកបានមួយសន្ទុះ ស្រាប់តែឮសំឡេងផាំង ស្រាប់តែពេលសម្លឹងមើលទៅជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រោះកំពុងប្រកាច់និងមានឈាមបាញ់ស្រោចពេញខ្លួន។

ប្រភពដដែលបន្តថា លុះពេលនាំគ្នាចូលទៅមើលជិត ទើបដឹងថាជនរងគ្រោះត្រួវបំណែកផ្លែម៉ូទ័រ ដែលបែកខ្ទាតត្រូវចំបំពង់ក បណ្តាលឱ្យមុតធ្លុះបាញ់ឈាមរហូតដល់ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ការងារប្រាកដមែន ដោយអង្គុយកាត់ដែកដោយប្រើម៉ូទ័រ ស្រាប់តែផ្លែម៉ូទ័របាក់ខ្ទាតចំបំពង់ក បណ្តាលឱ្យស្លាប់តែម្តង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕