ភ្នំពេញ ៖ នារីវ័យក្មេង២នាក់បានកើតមានជម្លោះតឹងសរសៃកដាក់គ្នាទាំងកណ្តាលថ្ងៃ ដោយម្នាក់ៗសុទ្ធតែអះអាងថា បុរសម្នាក់គឺជាប្តីរបស់ខ្លួនផ្តាច់មុខ រហូតធ្វើឱ្យផ្ទុះជាអំពើហិង្សាបណ្តាលឱ្យបែកកញ្ចក់បង្អួចអស់១ផ្ទាំង ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ហៅភាគីជម្លោះក្នុងរឿងស្នេហាត្រីកោណ ទាំង៣នាក់ (ស្រី២ ប្រុស១) ទៅសាកសួរនៅប៉ុស្តិ៍នគរបាល។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ។
សាមីខ្លួនភាគីទាំង៣នាក់សុទ្ធតែមិនបញ្ជាក់ ឱ្យដឹងពីអត្តសញ្ញាណរបស់ខ្លួននោះទេ។

តាមបុរសម្នាក់ជាតួអង្គក្នុងល្បែងស្នេហ៍ត្រីកោណខាងលើបានរៀបរាប់ប្រាប់ថា គាត់មានប្រពន្ធមានទាំងកូន៣នាក់ (ប្រុស១ ស្រី២) រួចមកហើយ ដោយសព្វថ្ងៃប្រពន្ធកូនរបស់គាត់កំពុងស្នាក់នៅក្នុងខណ្ឌសែនសុខ តែគាត់បានមកជួលបន្ទប់ខាងលើស្នាក់នៅ ដើម្បីធ្វើការងារ។

បុរសខាងលើបានបន្តថា ក្រៅពីភរិយាស្របច្បាប់ គាត់មានស្នេហាជាមួយនារី២នាក់ផ្សេងទៀត (នារីទាំង២នាក់ខាងលើដែលផ្ទុះជម្លោះនឹងគ្នា) តែយ៉ាងណា គាត់មិនចាំពេលវេលានៃការបង្កើតចំណងស្នេហ៍ជាមួយនារីទាំងពីរនោះទេ។ នៅមុនពេលកើតហេតុ គាត់បានចាក់សោបន្ទប់ ហើយរវល់តែចេញទៅធ្វើការងារ មិនដឹងថានាងទី១ គាត់ចូលទៅក្នុងបន្ទប់ពីពេលណានោះទេ រហូតដល់វេលាម៉ោងខាងលើ សមត្ថកិច្ចទូរស័ព្ទប្រាប់មានមនុស្សស្រី២នាក់ ម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ឈ្លោះប្រកែកគ្នាឈានដល់ប្រើកម្លាំងបាយ ដោយនារីខាងក្រៅវាយទាញធ្លាក់បែកកញ្ចក់ បង្អួចផ្អើលផ្ទះជួល និងសមត្ថកិច្ចចុះទៅអន្តរាគមន៍នាំអ្នកទាំង៣ទៅសាកសួរ។

ចំណែកនារីជាភាគីជម្លោះខាងលើវិញម្នាក់ រត់គេចឡើងលើផ្ទះជួលបាត់ ម្នាក់ទាញបានមួកសុវត្តិភាពពាក់ជិត និងថែមទាំងហាមមិនឱ្យថតជាប់រូបនាងទៀតផង។
ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងកន្លែងកើតហេតុ បានឱ្យដឹងថា បុរសជាម្ចាស់បន្ទប់ខាងលើ មកជួលបន្ទប់ស្នាក់នៅម្នាក់ឯងប្រមាណ៣ខែមកហើយ ហើយនៅព្រឹកថ្ងៃកើតហេតុ គ្រាដែលម្ចាស់បន្ទប់មិននៅ ក៏មាននារីម្នាក់រូបរាងធាត់ចូលមក គ្រាន់តែប្រាប់ថាត្រូវជាប្អូនម្ចាស់បន្ទប់ ហើយ មានកូនសោចាក់ចូលទៅសំងំក្នុងបន្ទប់បាត់ទៅ។

ស្រាប់តែមួយសន្ទុះក្រោយមក ក៏មាននារីវ័យក្មេងម្នាក់ទៀតរូបរាងស្គម សំទ្បេងបាន មកអះអាងថា ត្រូវជាប្រពន្ធម្ចាស់បន្ទប់មកដល់ឃើញនារីម្នាក់នៅខាងក្នុង ក៏ផ្ទុះកំហឹងស្រែកឡូឡាឡាំប៉ាទាស់សម្តី ដោយម្នាក់នៅក្នុង ម្នាក់នៅក្រៅ ឈ្លោះប្រកែកគ្នាកប់ៗមាត់រហូតដល់ទាញទាំងបង្អូចកញ្ចក់ធ្លាក់បែកខ្ទេច ផ្អើលផ្ទះជួលនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍ហៅនាំអ្នកទាំង៣ទៅនិយាយសម្របសម្រួលគ្នា។

ក្រោយពីសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស បុរសខាងលើ បានបញ្ជាក់ផងដែរថា ជម្លោះនេះគឺផ្តើមចេញពីស្នេហាត្រីកោណ ដោយសារតែភាគីម្ខាងមិនសុខចិត្តអ្វីមួយ ទើបធ្វើឱ្យកើតរឿងបែបនេះ យ៉ាងណាគាត់ជាអ្នកទទួលខុសត្រូវចំពោះការខូចខាតបង្អូចផ្ទះជួល រង់ចាំគាត់ហៅជាងមកកាត់ដាក់ថ្មីឡើងវិញ ដើម្បីបញ្ចប់រឿង៕