Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តជាប់មាត់សមុទ្រ និងខេត្តជាប់ព្រំដែនវៀតណាម មានការប្រុងប្រយ័ត្ន

សម្តេចហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តជាប់មាត់សមុទ្រ និងខេត្តជាប់ព្រំដែនវៀតណាម មានការប្រុងប្រយ័ត្ន

បន្ទាប់ពីប្រទេសកម្ពុជា រងនូវសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់លេចតំបន់មួយចំនួនក្នុងខេត្តមួយចំនួន ដូចខេត្តព្រះសីហនុ កោះកុង និងខេត្តរតនគិរីនោះ សម្តេចតេជោហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

សម្តេចបានបង្ហោះសារលើគណនីហ្វេសប៊ុកថា “ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាយើងបានជួបនូវគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យខេត្តមួយចំនួនទទួលនូវការលិចលង់ ដូចជាករណីនៅខេត្តព្រះសីហនុ”។

សម្តេចបានបន្តថា “ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា កម្ពុជាយើងចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩នេះ ដោយឥទ្ធិពលព្យុះនិងខ្យល់មូសុងនិរតី បណ្តាឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម គឺភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តដែលត្រូវប្រឈមឥទ្ធិពលជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្ន”។

ជាចុងក្រោយ សម្តេចបានបន្ថែមថា “សូមអរគុណដល់​អាជ្ញាធរ​ មានសមត្ថកិច្ច​ គ្រប់ជាន់ថ្នាក់ដែលបាន​យកចិត្តទុកដាក់ជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។ សូមក្រសួងធនធានទឹក​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការឲ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការគ្រោះដល់ប្រជាពលរដ្ឋ”៕

RELATED ARTICLES