Monday, November 24, 2025
Homeព័ត៌មានជាតិជើងខ្លាំងជិះម៉ូតូបុករទេះពងមាន់អាំង... ប៉ោងមុខប៉ូលិស

ជើងខ្លាំងជិះម៉ូតូបុករទេះពងមាន់អាំង… ប៉ោងមុខប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកក៏បើកម៉ូតូក្នុងល្បឿនដូចហោះ រួចក៏ជ្រុលទៅបុករទេះលក់ពងមាន់អាំងរបស់ស្ត្រីម្នាក់បណ្តាលឱ្យរងការខូចខាត លុះសមត្ថកិច្ចចុះអន្តរាគមន៍បែរជាផ្ទុះកំហឹងដាល់សមត្ថកិច្ច បណ្តាលឱ្យប៉ោងមុខថែមម្នាក់ទៀត ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះអូសកយកទៅចាត់ការតាមច្បាប់។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-2360 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ចំណែកម៉ូតូលក់ពងមាន់អាំងប្រភេទម៉ូតូសណ្តោង បើកដោយស្ត្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើបើករ៉ឺម៉កលក់ពងមាន់អាំងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវទៅហើយ ក៏ស្រាប់តែឃើញបុរសម្នាក់បើកម៉ូតូក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកម៉ូតូរ៉ឺម៉កលក់ពងមាន់អាំង បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកពងមាន់វិញធ្លាក់ជ្រុះរាយប៉ាយពេញផ្លូវ។

ប្រភពដដែលបន្តថា ភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីបាញ់ថ្នាំនិងលើកយករ៉ឺម៉កសណ្តោងលក់ពងមាន់អាំង ព្រមទាំងម៉ូតូយកមកអែបខាងដើម្បីកុំឱ្យស្ទះចរាចរណ៍។ ខណៈនោះដែរជនសង្ស័យខាងលើស្ថិតក្នុងសភាពស្រវឹងស្រាជោក និយាយស្តាប់គ្នាមិនបាន មិនព្រមស្តាប់តាមការណែនាំរបស់សមត្ថកិច្ចនោះទេ និងថែមទាំងបានវាយសមត្ថកិច្ចបណ្តាលឱ្យចំសៀតផ្កា រងរបួសប៉ោងមុខទៀតផង។

ក្រោយពេលកើតហេតុ បុរសខាងលើត្រូវបាននាំយកទៅប៉ុស្តិ៍ តែជនបង្កមិនព្រមសារភាពថា ខ្លួនបានប្រើអំពើហិង្សាលើសមត្ថកិច្ចទេ។ បន្ទាប់មកសមត្ថកិច្ចបានឱ្យដោះស្រាយជាមួយភាគីខាងរ៉ឺម៉កលក់ពងមាន់អាំង ដោយសងប្រាក់១១ម៉ឺនរៀល។ ចំណែកករណីហិង្សាលើសមត្ថកិច្ចវិញ ពេលនេះខាងជំនាញកំពុងសាកសួរនិងចាត់ការតាមនីតិវិធីបន្ត៕

RELATED ARTICLES