Monday, November 24, 2025
Homeព័ត៌មានជាតិឃើញស្លូតបូត ខិតខំធ្វើការ មិនប្រាកដថាល្អទេ ប្រយ័ត្នដូចស្ត្រីរូបនេះ

ឃើញស្លូតបូត ខិតខំធ្វើការ មិនប្រាកដថាល្អទេ ប្រយ័ត្នដូចស្ត្រីរូបនេះ

ភ្នំពេញ ៖ ស្ត្រីម្នាក់មានវាសនាអភ័ព្វខុសគេមានប្តីដល់ទៅ៣ដង តែរកមួយធ្វើថ្នាំគ្មាន សុទ្ធតែប្រុសហេងស៊យទាំងអស់ក្នុងនោះប្តីទី១និងទី២ប៉ះសុទ្ធតែប្រុសព្រានបានប្រាណឆ្អែតឆ្អន់ក៏បោលចោលអស់គ្មានស្តាយស្រណោះប្រពន្ធកូនឡើយ លុះប៉ះប្តីទី៣ជាមនុស្សប្រមឹកតណ្ហាក្រាស់គ្រាន់តែដឹងថាប្រពន្ធមានផ្ទៃពោះ៣ខែក៏វ៉ៃដំបង្ខំឱ្យប្រពន្ធរំលូតកូនចោល លុះប្រពន្ធមិនព្រមធ្វើតាមក៏លួចលុយប្រមូលខោអាវវេចបង្វេចរត់ចោលផ្ទះបាត់ធ្វើឱ្យប្រពន្ធកើតទុក្ខមិនសុខចិត្តរត់មកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីអភ័ព្វខាងលើមានឈ្មោះស្រឿន ចាន់ធី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ គោកចំបក់២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

តាមសម្តីស្ត្រីអភ័ព្វខាងលើបានរៀបរាប់ប្រាប់ថា ជីវិតនាងមិនដឹងជាមានជាប់ជំពាក់កម្មពៀរអ្វី ទើបបានប្តីសុទ្ធតែមិនសមបំណង។ ដើមឡើយនាងបម្រើការងារនៅហាងខារ៉ាអូខេ១កន្លែង ក៏បានជួបស្នេហ៍ជាមួយបុរសម្នាក់បានតាមសុំស្នេហ៍ស្រឡាញ់នាង រហូតដល់នាងទន់ចិត្ត រួមរស់នឹងគ្នាដូចប្តីប្រពន្ធដោយមិនបានរៀបការរហូតដល់បានកូនស្រីម្នាក់ ស្រាប់តែប្តីជើងល្អបានរត់គេចខ្លួនបាត់។

ក្រោយមកនាងក៏បានជួបនឹងស្នេហ៍លើកទី២ ដោយរួមរស់នឹងគ្នាគ្មានខាន់ស្លា រហូតបានកូនស្រីម្នាក់ទៀត ស្រាប់តែប្តីហេងស៊យបោលចោលនាងបាត់ទៀត ធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង ត្រូវរស់នៅទាំងលំបាកវេទនាចិញ្ចឹមកូន២នាក់។

ស្ត្រីអភ័ព្វរូបនេះបានបន្តថា ក្រោយពីបែកបាក់ប្តី២ទៅនាងមានអារម្មណ៍មួយគិតថា រាងចាលខ្លាចហើយស្នេហារួចក៏សម្រេចចិត្តឈប់បម្រើការងារហាងខារ៉ាអូខេទៀតហើយ ទៅចាប់យកមុខរបរថ្មីធ្វើជាកម្មការិនីរោងចក្រវិញម្តង។ ស្រាប់តែមិនបានប៉ុន្មានផងក៏បានជួបជាមួយបុរសម្នាក់ឈ្មោះសុខ សុភីហៅចំរើន អាយុជាង៣០ឆ្នាំជាសន្តិសុខនិងជាអ្នករត់ម៉ូតូកង់បីផងដែរបានតាមមកប្រលោមសុំស្នេហ៍ពីនាងគ្រាដែលនាងជិះម៉ូតូកង់បីដាក់ខែ ស្រាប់តែបុរសនោះជាប់មន្តស្នេហ៍ដឹកនាងលែងយកលុយក្នុងដំណើរទៅធ្វើការរោងចក្ររាល់ថ្ងៃអស់រយៈពេល៤ខែកន្លង។

ស្ត្រីអភ័ព្វខាងលើបានបញ្ជាក់ថា ក្រោយពីសង្កេតមើលសកម្មភាព និងអត្តចរិតរបស់បុរសឈ្មោះសុខ សុភី អស់មួយរយៈមកស្រាប់តែអារម្មណ៍ខ្លាចរអារឿងស្នេហ៍ខ្លាចប៉ះដូចប្តី២នាក់លើកមុនទៀត ក៏រសាយរលាយបាត់អស់ បន្ទាប់ពីខាងប្រុសបានធានាអះអាងថា គាត់ជាបុរសពោះម៉ាយគ្មានជាប់ជំពាក់រឿងប្រពន្ធកូននោះទេ ហើយស្រលាញ់តែនាងម្នាក់គត់និងចង់មើលថែនាងអស់១ជីវិត។

ដោយឃើញថា បុរសនេះពិតជាខំប្រឹងពិតមែន រកស៊ីធ្វើការមិនខ្លាចនឿយហត់ ថ្ងៃរត់ម៉ូតូឌុបយប់ធ្វើសន្តិសុខ ព្រមទាំងស្ម័គ្រថែចិញ្ចឹមនាង ទោះជាមានកូន២ក៏សុខចិត្តរ៉ាប់រងរកលុយចិញ្ចឹមដោយគ្មានត្អូញត្អែរ ទើបនាងទន់ចិត្តលង់ខ្លួនផុងប្រាណយកប្រុសនោះជាប្តីទី៣ ដោយគ្មានខាន់ស្លាមិនខុស ពីប្តី២នាក់មុននោះទេ។

ស្ត្រីអភ័ព្វរូបនេះ បានឱ្យដឹងទៀតថា លុះក្រោយពីរួមរស់ជាមួយនាង ដឹងថានាងកំពុងមានផ្ទៃពោះ៣ខែ ក៏ស្រាប់តែប្រុសស្នេហ៍លួងលោមឱ្យនាងរំលូតកូននេះចេញទៅ ព្រោះគេគ្មានលទ្ធភាពចិញ្ចឹមនោះទេ លុះលួងលោមនាងអស់ចិត្តអស់ចង់នៅតែនាងមិនព្រមធ្វើតាមសម្តី ស្រាប់តែប្រុសថ្លើមថ្លៃ បែរជាបញ្ចោញចរិតកោងកាចលេងធម៌ក្តៅវាយដំបង្ខំឱ្យនាងទៅរំលូតកូនចោល តែនាងមិនដាច់ចិត្ត ព្រោះជាដំណក់ឈាម រវាងនាងនិងគេ។

លុះដឹងថា នាងមិនព្រមរំលូតកូនចេញ ប្តីហេងស៊យរូបនោះក៏ប្រមូលលួចយកទូរស័ព្ទ លុយកាក់ វេចខោអាវរត់ចោលនាងបាត់ ទើបធ្វើឱ្យនាងខូចចិត្តរឿងបានប្តី៣ដងមិនសមបំណង ជួបតែមនុស្សបោកប្រាស់ ចរិតអន់ដូចគ្នា ក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES