ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលខ្លួនកំពុងបម្រើការ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងចំណុចឃ្លាំងលក់គ្រឿងបន្លាស់រថយន្តលេខ៥០ តាមបណ្តោយផ្លូវ១៥០Z ក្រុម៦ ភូមិ១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះសុង បញ្ញា អាយុ២៧ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវក្នុងឃ្លាំងលក់បន្លាស់រថយន្ត ស្នាក់នៅកន្លែងកើតហេតុនិងមានស្រុកកំណើតនៅខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីអ្នកដែលធ្វើការជាមួយជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនៅក្នុងឃ្លាំងដោយអង្គុយមើលគ្រឿងបន្លាស់រថយន្តដូចធម្មតា និងមិនមានអាការអ្វីគួរឱ្យកត់សម្គាល់នោះទេ។

ស្រាប់តែមកដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល អ្នកធ្វើការជាមួយបានជិះម៉ូតូមកកាន់ឃ្លាំងខាងលើ ដើម្បីយកសម្ភារៈយកទៅឱ្យភ្ញៀវ ខណៈពេលមកដល់ឃ្លាំងក៏ឃើញឃ្លាំងចាក់សោ ក៏បានដើរទៅរកជនរងគ្រោះដើម្បីយកសោមកបើកទ្វារ ស្រាប់តែពេលបើកទ្វារឡើង ក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនឯងបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសាកសព។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅរៀបចំចាត់ចែងធ្វើបុណ្យ៕