ខេត្តកំពត ៖ នារីវ័យក្មេងម្នាក់ត្រូវប្រុសព្រានជាសង្សារទូរស័ព្ទណាត់ឱ្យទៅជួបដល់ផ្ទះ លុះទៅដល់ក៏ត្រូវជនសង្ស័យចាប់បង្ខាំងទុកក្នុងផ្ទះអស់រយៈពេល៣ថ្ងៃ និងថែមទាំងបានធ្វើសកម្មភាពចាប់បង្ខំរំលោភនារីរងគ្រោះ រហូតដល់បានសម្រេចដល់ទៅ៦ដង លុះនារីរងគ្រោះព្យាយាមអង្វរកប្រុសស្នេហ៍រហូតដល់ទន់ចិត្តព្រមដោះលែងចេញមកវិញ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមយកទៅចាត់ការតាមច្បាប់។
ករណីចាប់បង្ខាំងស្រីស្នេហ៍៣ថ្ងៃ រួចចាប់រំលោភរហូតដល់បានសម្រេច៦ដងនេះ បានកើតឡើងតាំងពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិបរ ក្នុងឃុំអង្គរមាស ស្រុកដងទង់។ រហូតមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រោយពីជនសង្ស័យបានដោះលែងឱ្យមានសេរីភាពវិញ នារីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ។

ជនសង្ស័យដែលចាប់បង្ខាំងកូនក្រមុំគេរំលោភ៦ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះវង្ស សៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានឈ្មោះ អ.ដ អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ឈ្មោះវង្ស សៅ ដែលរស់នៅភូមិជាមួយគ្នា និងជាសង្សារបានទូរស័ព្ទណាត់នាងឱ្យទៅជួបគេនៅផ្ទះ។ លុះពេលដែលនាងទៅដល់ផ្ទះរបស់ប្រុសស្នេហ៍ ក៏ស្រាប់តែត្រូវគេចាប់អូសដៃឡើងលើផ្ទះ លួងលោមបង្ខំរំលោភសេពសន្ធវៈរហូតដល់បានសម្រេចម្តងរួចហើយក៏បែកគំនិតចាក់សោបង្ខាំងនាងទុកនៅក្នុងផ្ទះ ដើម្បីបម្រើតណ្ហារបស់គេ ដោយនៅអំឡុងពេលដែលប្រុសស្នេហ៍ចាប់បង្ខាំងនាងទុកចំនួន៣ថ្ងៃមកនេះ គឺគេបានចាប់បង្ខំរំលោភនាងរហូតដល់បានសម្រេចសរុបចំនួន៦ដងឯណោះ។

នារីរងគ្រោះបានបន្តថា ក្រោយមកនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយសារតែនាងព្យាយាមលួងលោមអង្វរករប្រុសកំពូលស្នេហ៍ឡើងទន់ឆ្អឹង ធ្វើឱ្យគេទន់ចិត្តយល់ព្រមដោះលែងនាងវិញ ទើបនាងបានរត់មកផ្ទះទម្លាយរឿងរ៉ាវប្រាប់ក្រុមគ្រួសារ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរមាស ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរនិងរៀបចំកសាងសំណុំរឿង បញ្ចូនទៅចាត់ការបន្តតាមនីតិវិធី៕