ព្រះសីហនុ៖ ក្រោយពីមន្ត្រីជំនាញចុះហាមឃាត់ជាច្រើនដងមិនព្រមស្តាប់ ការដ្ឋានសំណង់២កន្លែងត្រូវបានចុះបិទចោល រុះរើ និងដកហូតសម្ភារៈ។ ហេតុការណ៍ចុះបិទទីតាំងការដ្ឋានសំណង់ខាងលើនេះ ធ្វើឡើងការលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

ក្នុងប្រតិបត្តិការណ៍ចុះបិទទីតាំងការដ្ឋានសំណង់នេះ ដឹកនាំកម្លាំងដោយលោកអភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរ និងមន្ដ្រីជំនាញផងដែរ។

លោកលៀម សុដា អភិបាលរងខេត្តព្រះសីហនុ ក្រោមការបញ្ជាពីអភិបាលខេត្តព្រះសីហនុ បានដឹកនាំអាជ្ញាធរ និងមន្ដ្រីជំនាញ ចុះទៅបិទចោល និងរុះរើ ដកហូតយកសម្ភារមួយចំនួនធំ ដោយសារតែម្ចាស់ទីតាំងខាងលើ មិនព្រមស្ដាប់តាមការណែនាំ។

ប៉ុន្មានថ្ងៃមុននេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យម្ចាស់ការដ្ឋានសំណងទាំង២ខាងលើនេះផ្អាកសកម្មភាពសាងសង់ ព្រោះគ្មានច្បាប់ទម្លាប់ និងខុសបទដ្ឋានគតិយុត្ដិ ប៉ុន្តែម្ចាស់ការដ្ឋានទាំង២ខាងលើនេះ នៅតែរឹងទទឹងមិនព្រមស្តាប់ ទើបថ្ងៃនេះត្រូវអាជ្ញាធរចុះបិទតែម្តង៕



