Monday, November 24, 2025
Homeព័ត៌មានជាតិសុំលុយម្តាយទៅផឹកបន្តទៀតមិនបាន... ឪពុកភ័យសភ្នែក

សុំលុយម្តាយទៅផឹកបន្តទៀតមិនបាន… ឪពុកភ័យសភ្នែក

ខេត្តកណ្តាល ៖ កូនប្រុសចិត្តក្តៅម្នាក់បានទៅសុំលុយម្តាយយកទៅផឹកស៊ី លុះស្ត្រីជាម្តាយប្រាប់ថាអត់មានលុយឱ្យ ក៏ផ្ទុះកំហឹងរករឿងអុកឡុកក្នុងផ្ទះ លុះឪពុកចេញមកឃាត់ ស្រាប់តែកូនប្រុសកំណាចបានទាញកាំបិតផ្គាក់ដេញកាប់ឪពុកម្តាយទាំងកំរោល ធ្វើឱ្យឪពុកម្តាយភ័យស្លន់ស្លោនាំគ្នារត់គេចទាំងព្រលឹងចុងសក់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសទាញកាំបិតដេញកាប់ឪពុកម្តាយបង្កើតខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលត្រូវកូនប្រុសទាញកាំបិតដេញកាប់ ព្រោះតែខឹងរឿងសុំលុយចាយមិនបាន រួមមាន ទី១-ឈ្មោះ ម៉េង ង៉ូវហេង ភេទប្រុស អាយុ៦០ឆ្នាំ (ត្រូវជាឪពុក)។ និងទី២-ឈ្មោះស្រុន ចន្ថា ភេទស្រី អាយុ៥៧ឆ្នាំ (ត្រូវជាម្តាយ)។ អ្នកទាំង២មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យជាកូនប្រុសកំណាច មានឈ្មោះហេង ឆៃហៀង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។ រីឯវត្ថុតាងចាប់យកកាំបិតផ្គាក់ចំនួន១ដើម គ្មានដង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនសង្ស័យខាងលើតែងតែបង្កការអុកឡុកក្នុងគ្រួសារជាញឹកញាប់។ នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឈ្មោះហេង ឆៃហៀង ជាកូនប្រុសបានផឹកស្រាស្រវឹងជោក រួចក៏ចូលមកទារលុយពីម្តាយយកទៅចាយវាយផឹកស៊ីបន្ត តែត្រូវស្ត្រីជាម្តាយប្រាប់ថា អត់មានលុយឱ្យទេ។

ប្រភពពីសមត្ថកិច្ចបានបន្តថា ភ្លាមនោះ កូនប្រុសកំណាចក៏បង្ករឿងអុកឡុកពេញផ្ទះ ទើបបុរសរងគ្រោះជាឪពុកបានចេញមកឃាត់ ស្រាប់តែត្រូវកូនប្រុសឈាមក្តៅទាញយកកាំបិតផ្គាក់អត់ដងដេញកាប់ឪពុកម្តាយទាំងកំរោល ធ្វើឱ្យឪពុកម្តាយភ័យនាំគ្នារត់គេចខ្លួនទាំងព្រលឹងចុងសក់។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើកូនប្រុសកំណាចលែងបាន ទើបឪពុកម្តាយជាជនរងគ្រោះបានសម្រេចប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ស្វាយប្រទាល បានកោះហៅជនសង្ស័យមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES