Monday, November 24, 2025
Homeព័ត៌មានជាតិតាខំយកទៅណាទៀត មិនគិតធម៌អាថ៌សោះចឹង

តាខំយកទៅណាទៀត មិនគិតធម៌អាថ៌សោះចឹង

ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូនៅជាប់នឹងរបងវត្តពិភទ្ទរង្សី  តាមផ្លូវ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ  ឈ្មោះកុ ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងដកហូតបានដែកលួសសរសៃចំនួន២ សម្រាប់ឆ្កឹះមេសោ ចង្កឹះសោមួយចង្កោម ទូរស័ព្ទមួយគ្រឿងម៉ាកណូគា ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

រីឯជនរងគ្រោះឈ្មោះហេង ថូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវលំ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច  ជនរងគ្រោះឈ្មោះបានដាក់ម៉ូតូម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1R-8940 លេខតួ០១៣៩៤៩ លេខម៉ាស៊ីន០៥១៣៩៤៩ នៅកន្លែងជួសជុលម៉ូតូជាប់របងវត្តពិភទ្ទរង្សី តាមផ្លូវ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យបានឈរក្បែរម៉ូតូខាងលើ ហើយនៅពេលបាត់ម៉ូតូក៏បាត់ជនសង្ស័យជាមួយគ្នា។

ភ្លាមនោះ ជនរងគ្រោះពុំបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទេ ដោយជាប់រវល់តាមរកជនសង្ស័យនិងម៉ូតូ។

លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទីរសៀល ជនរងគ្រោះបានឃើញជនសង្ស័យឈ្មោះកុ ថៃ នៅចំណតរថយន្តខាងជើងផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ធ្វើការសាកសួរនិងដាក់ពាក្យបណ្តឹង។

ក្រោយពីសាកសួរ ជនសង្ស័យឈ្មោះកុ ថៃ បានសារភាពថា ខ្លួនពិតតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើប្រាកដមែន ទើបសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

RELATED ARTICLES