Monday, November 24, 2025
Homeព័ត៌មានជាតិប្រមូលខ្ទេច គិតសរុបជាង៣មុឺនដុល្លារ... ម្ចាស់ហាងបានត្រឹមមើលកាមេរ៉ា

ប្រមូលខ្ទេច គិតសរុបជាង៣មុឺនដុល្លារ… ម្ចាស់ហាងបានត្រឹមមើលកាមេរ៉ា

ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃមួយកន្លែងត្រូវបានម្ចាស់ចាក់សោចោល រួចទៅសម្រាកនៅផ្ទះក្បែរនោះ ជាហេតុធ្វើឱ្យជនសង្ស័យ១ក្រុម មានឱកាសធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វារហាង ចូលទៅលួចប្រមូលយកទូរស័ព្ទដៃទំនើបៗនៅក្នុងហាងទៅអស់គ្មានសល់ គិតជាទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារ ចំណែកម្ចាស់ហាងទាល់តែព្រឹកឡើងរៀបចំបើកហាងលក់ ទើបដឹងថា មានចោរគាស់ទ្វារចូលប្រមូលទូរស័ព្ទអស់ពីហាងទៅហើយ។

ករណីចោរគាស់ទ្វារហាងទូរស័ព្ទចូលលួចប្រមូលយកទូរស័ព្ទទំនើបអស់ជាង៣ម៉ឺនដុល្លារនេះ បានកើតឡើងនៅអំឡុងម៉ោងប្រមាណ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងលក់ទូរស័ព្ទមួយកន្លែងយីហោហ្គូតស្តរ ដែលមានទីតាំងស្ថិតនៅតាមផ្លូវវេងស្រេង ចំណុចទល់មុខផ្សារកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ទើបមានការផ្អើលឆោឡោ បន្ទាប់ពីម្ចាស់ហាងរៀបចំបើកទ្វារហាងលក់ដូរ។

ជនរងគ្រោះជាម្ចាស់ហាងលក់ទូរស័ព្ទខាងលើ មានឈ្មោះគឹម សុខឡេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃទំនើប មានទីលំនៅក្បែរហាងខាងលើ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១។

តាមសម្តីជនរងគ្រោះជាម្ចាស់ហាង បានរៀបរាប់ប្រាប់ថា គាត់បើកហាងលក់ទូរស័ព្ទនៅចំណុចខាងលើប្រមាណ៧ខែមកហើយ ហើយថ្មីៗនេះគាត់ទើបនឹងនាំចូលទូរស័ព្ទថ្មី ស៊េរីថ្មីៗជាច្រើនគ្រឿងដាក់ចូលទូក្នុងហាង ហើយហាងរបស់គាត់តែងបើកលក់ចន្លោះម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៧និង៣០នាទីយប់ ទើបបិទហាងដោយពុំមានបុគ្គលិក ឬអ្នកណាដេកសម្រាកក្នុងហាងឡើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ គាត់បានបិទទ្វារហាងដូចសព្វដង រួចក៏ត្រឡប់ទៅសម្រាកនៅផ្ទះក្បែរនោះ។ រហូតមកដល់វេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ខណៈដែលគាត់ចេញពីផ្ទះមករៀបចំបើកទ្វារហាង ស្រាប់តែប្រទះឃើញទ្វារហាងរបើកបាត់ទៅហើយ ទើបគាត់ស្ទុះចូលពិនិត្យមើលក្នុងទូ បែរជាបាត់ទូរស័ព្ទទំនើបៗថ្មីៗអស់រលីងទៅហើយ ទើបគាត់បានឆោឡោរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យមើលជាក់ស្តែងនិងស្រាវជ្រាវតែម្តង។

ជនរងគ្រោះបានបញ្ជាក់ថា ទិដ្ឋភាពក្នុងហាងរបស់គាត់គឺកាមេរ៉ាសុវត្ថិភាពចំនួន២គ្រាប់ ត្រូវបានជនសង្ស័យកាច់ក្បាលចុះក្រោមខុសទម្រង់ដើម ដើម្បីកុំឱ្យថតជាប់សកម្មភាពរបស់គេ រីឯទូរស័ព្ទក្នុងទូអស់រលីងតែម្តង នៅសល់តែសំបកចាស់ៗ។ តែបើតាមពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាព ជនសង្ស័យមានគ្នារហូតដល់ទៅ៥នាក់ សុទ្ធតែពាក់ម៉ាស់ ពាក់មួក ហាក់បីដូចជាចោរជំនាញចូលធ្វើសកម្មភាពនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី០៦ ខែសីហា ហើយប្រមូលយកទូរស័ព្ទជាច្រើនគ្រឿង ដែលគិតជាទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ រួចនាំគ្នារួចគេចខ្លួនបាត់អស់។

ជុំវិញករណីជនសង្ស័យ៥នាក់ ទៅធ្វើសកម្មភាពគាស់ហាងលួចទូរស័ព្ទដៃខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចុះទៅធ្វើកំណត់ហេតុនិងរាយការណ៍បន្តដើម្បីឱ្យសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES