ភ្នំពេញ ៖ គូស្នេហ៍មួយគូបានដឹកដៃនាំគ្នាចូលផ្ទះសំណាក់ បំណងរួមរ័កមេត្រី មិនទាន់បានអីបន្តិចផង ស្រាប់តែសមត្ថកិច្ចចុះក្របួចជាប់ទាំង២នាក់ ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់ រួមនឹងសម្ភារដបសម្រាប់ជក់ថ្នាំញៀនទៀតផង។

ហេតុការណ៍បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ សំបូរពេជ្រ មានទីតាំងស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាគូស្នេហ៍ខាងលើ ខាងប្រុសឈ្មោះលឹម សំអាង អាយុ២៤ឆ្នាំ រស់នៅភូមិច្រប ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកខាងស្រីឈ្មោះព្រឹម ស្រីមុំ ហៅស្រីស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតស្រុកដងទង់ ខេត្តកំពត។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយមានកិច្ចសហការល្អជាមួយម្ចាស់ផ្ទះសំណាក់ ជុំវិញករណីខាងលើ សង្ស័យលួចជក់ថ្នាំក្នុងបន្ទប់ ទើប ម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ចុះទៅឆែកត្រួតពិនិត្យ រកឃើញ ថ្នាំញៀន១កញ្ចប់ ដបសម្រាប់ជក់ថ្នាំ១។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកកហូតថ្នាំញៀន១កញ្ចប់ ដបសម្រាប់ជក់ថ្នាំ១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕