នៅក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរកឃើញអ្នកបើកបររថយន្ត១៨០គ្រឿង មានអ្នកញៀនថ្នាំចំនួន៨នាក់ ក្រោយពេលពិនិត្យទឹកនោម ហលយត្រូវបានឃាត់ខ្លួនភ្លាមៗផងដែរ។

ប្រតិបត្តការខាងលើនេះ គឺធ្វើឡើងចាប់ពីពេលព្រលប់រហូដល់ម៉ោង១២អាធ្រាត្រ ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ នៅលើកដងផ្លូវជាតិ នាចំណុចឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ស្នងការដ្ឋានននគរបាលខេត្តបាត់ដំបបង បានបង្ហោះសារលើគណនីហ្វេប៊ុកថា “ដឹងច្បាស់ហើយ ពេលនេះអ្នកបើកបររថយន្តមួយចំនួនប្រើប្រាស់សារធាតុញៀន ហើយបើកបររថយន្ត នៅរាត្រីថ្ងៃ ច័ន្ទ ៥កើត ខែ ស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ចាប់ពីពេលព្រលប់រហូដល់ម៉ោង១២អាធ្រាត្រ លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្ត នៅលើកដងផ្លូវជាតិ នាចំណុចឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន។ ចូលរួមនាពេលនោះមានលោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន តំណាងឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងក្នុងអង្គភាពជំនាញពាក់ព័ន្ឋចូលរួមក្នុងសកម្មភាពនេះ ក្រៅពីនោះមានមន្រ្តីនៃមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនខេត្ត ក៏មានវត្តមានចូលរួមផងដែរ។

ប្រភពដដែលបានបន្តថា “ជាលទ្ឋផលនគរបាលបានធ្វើការពិនិត្យ ចំពោះអ្នកបើកបររថយន្ត១៨២ នាក់លើចំនួន១៨០គ្រឿង ដែលក្នុងនោះមានមនុស្សចំនួន០២នាក់ជាជំនួយការបើកបរ ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន ហើយលទ្ឋផលបានបង្ហាញថា មានអ្នកបើកបររថយន្តចំនួន០៨នាក់ ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនខណៈកំពុងកាន់ចង្កូតរថយន្តលើដងផ្លូវសាធារណៈ ហើយក្នុងនោះកត់សម្គាល់ឃើញថា អ្នកបើកបររថយន្តដឹកទំនិញមានអាត្រាប្រើប្រាស់សារធាតុញៀនច្រើនជាងគេ”។

ប្រភពដដែលបានទៀតថា “នៅក្រោយពេលធ្វើតេស្តទឹកនោម រកឃើញថា ពួកគាត់មានសារធាតុញៀននៅក្នុងខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា នគរបាលបាននាំទាំងរថយន្ត និងអ្នកបើកបររថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី”។

លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា ដែលបានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចប្រតិបត្តិការនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ អ្នកបើកបររថយន្ត ក៏ដូចជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តដែលប្រើប្រាស់ ឬជួលអ្នកបើកបររថយន្តឲ្យខ្លួននោះ សូមចូលរួមអប់រំណែនាំនិងផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់សមាជិកគ្រួសារ អ្នកធ្វើការបើកបររថយន្តរបស់ក្រុមហ៊ុនខ្លួន ឬរបស់សាមីខ្លួន ព្រោះថាអ្នកបើកបររថយន្តដឹកទំនិញ ឬបើកបររថយន្តដទៃទៀតនៅលើដងផ្លូវសាធារណៈមានផ្ទុកដោយសារធាតុញៀននៅក្នុងខ្លួនបែបនេះ គឺជាហានិភ័យសម្បើមណាស់សម្រាប់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកប្រើប្រាស់ផ្លូវជាមួយផងដែរ។

ដោយឡែក ឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរង បានបញ្ជាក់ថា ពីពេលនេះតទៅអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ការអនុវត្តចំពោះអ្នកបើកបររថយន្ត ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួនគឺនគរបាលយើងនៅតែបន្តធ្វើសកម្មភាពបានជាប់ជាប្រចាំ៕