Monday, November 24, 2025
Homeព័ត៌មានជាតិនាងបដិសេធយ៉ាងណាក៏មិនជឿ ប៉ះចំស្រវឹងទៀតផងនោះ ចិត្តខ្លាំងតែម្តង

នាងបដិសេធយ៉ាងណាក៏មិនជឿ ប៉ះចំស្រវឹងទៀតផងនោះ ចិត្តខ្លាំងតែម្តង

ភ្នំពេញ៖ បុរសម្នាក់ទើបមកពីផឹកសុីជាមួយមិ្តភក្តិ ពេលមកដល់ផ្ទះវិញ ក៏កើតចិត្តប្រចណ្ឌប្រពន្ធ ទោះជាប្រពន្ធខំបដិសេធយ៉ាងណា ក៏ប្តីរូបនេះមិនជឿ ថែមទាំងស្ទុះទៅវាយប្រពន្ធចំកណ្តាលមុខ២ដៃ បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកប្តីកំណាចនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ។

ហេតុការណ៍ហិង្សានេះបានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ផ្លូវលេខ៤៨k ក្រុមទី១ភូមិព្រៃសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីមានឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ ជាកម្មករលើកអីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុប ចំណែកនារីជាប្រពន្ធមានឈ្មោះនុយ វណ្ណារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតខេត្តតាកែវ ជាកូនកំព្រា។ ពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធ មិនបានរៀបការនិងរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំ គ្មានកូននោះទេ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកប្តីប្រពន្ធ១គូនេះរស់នៅមិនដែលចុះសម្រុងគ្នាទេ គឺប្តីប្រចណ្ឌប្រពន្ធ ចំណែកប្រពន្ធក៏ប្រចណ្ឌប្តីដូចគ្នា ឈ្លោះគ្នាសឹងរាល់ថ្ងៃ។ លុះមកដល់វេលាកើតហេតុខាងលើ គេបានឃើញបុរសជាប្តីទើបមកពីផឹកសុីជាមួយមិត្តភក្តិ ពេលមកដល់ផ្ទះបានរករឿង និងប្រចណ្ឌប្រពន្ធ ទោះជាប្រពន្ធខំប្រកែកយ៉ាងណាក៏មិនព្រមស្តាប់ ពេលនោះបុរសជាប្តីបានស្ទុះទៅវាយផ្ទៃមុខប្រពន្ធ២ដៃ ចំចុងច្រមុះ បណ្តាលឲ្យប្រកាច់ស្លាប់ភា្លមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនបុរសជាប្តីទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានវាយសម្លាប់ប្រពន្ធពិតប្រាកដមែន មូលហេតុដោយសាររូបគេប្រចណ្ឌប្រពន្ធខ្លាំងពេក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី។

ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាងកសាងខាងត្បូង រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

RELATED ARTICLES