ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គំរាមថាសម្លាប់និងប្រើប្រាស់ឯកសារសារធារណៈក្លែងក្លាយកើតហេតុកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ូ ស៊ិន ហៅជេត សាវឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយប៉ុស្តិ៍នគរបាលកោះចិន បានធ្វើការឃាត់ខ្លួនឈ្មោះអ៊ូ ស៊ិន ហៅជេត សាវឿន តាមដីកាលេខ២៤៩ ដកបចខ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ របស់លោកប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គំរាមថាសម្លាប់និងប្រើប្រាស់ឯកសារសារធារណៈក្លែងក្លាយកើតហេតុកាលពីឆ្នាំ២០១៦និងឆ្នាំ២០១៧ នៅចំណុចភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ករណីនេះជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕