ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានយកប៉ាន់តែនិងមួកសុវត្ថិភាពវាយទៅលើបុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រាន់តែអង្គុយកៅអីកន្លែងផឹកកាហ្វេមុននិងក្រោយប៉ុណ្ណោះ។

លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩យប់ ជនរងគ្រោះប្រទះឃើញជនសង្ស័យ២នាក់នេះ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឱ្យកម្លាំងនគរបាលចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួននេះ រួមមាន ទី១-ឈ្មោះលូ វ៉ាំងឡុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ទី២-ឈ្មោះលូ អុកឡឹម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅហាងកាហ្វេមួយកន្លែងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ មានករណីហិង្សាដោយចេតនា (ប្រើប៉ាន់តែនិងមួកសុវត្ថិភាពវាយបុរសម្នាក់បណ្តាលឱ្យរបួស) ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ សាន សុខរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រងរបួស។

ប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកផឹកកាហ្វេនៅចំណុចកើតហេតុ លុះពេលផឹកកាហ្វេបានបន្តិចក៏ដើរចេញមកខាងក្រៅជួបមេជាងសំណង់និយាយការងារ ពេលនោះក៏មានជនសង្ស័យឈ្មោះលុ អុកឡឹម និងឈ្មោះលូ វ៉ាំងឡុង ចូលមកអង្គុយកន្លែងរបស់ជនរងគ្រោះ រួចជនរងគ្រោះក៏ប្រាប់ថាជាកន្លែងរបស់ខ្ញុំទេក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យឈ្មោះលូ វ៉ាំងឡុង យកប៉ាន់តែវាយក្បាលជនរងគ្រោះបែកឈាម ហើយជនសង្ស័យឈ្មោះលូ អុកឡឹម យកមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះថែមទៀតរួចគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ប្រភពបន្តថា លុះដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩យប់ ជនរងគ្រោះនិងក្រុមគ្រួសារបានឃើញជនសង្ស័យទាំង២នាក់ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕