ភ្នំពេញ ៖ ប្តីប្រពន្ធ១គូកាលដឹកដៃគ្នាទៅដេញពេលារៀបការ ក៏ត្រូវតាអាចារ្យគន់គូរប្រាប់ថា ជាគូកម្ម ព្រោះតែខែឆ្នាំមិនត្រូវគ្នា បើរៀបការហើយនឹងត្រូវលែងលះគ្នាវិញ ប៉ុន្តែហេតុតែចិត្តស្រលាញ់ពេញព្រៀបបេះដូងក៏ជម្នះរៀបការនឹងគ្នាទាល់តែបានទីបំផុតគ្រាន់តែរៀបការបាន៨ខែក៏ឈ្លោះប្រកែកលែងលះគ្នាវិញតែក្រោយមកក៏ត្រូវរ៉ូវគ្នាវិញ ពោលគឺត្រូវលែងៗជាច្រើនដងរហូតដល់ចុងក្រោយទើបនឹងត្រូវគ្នាមិនបានប៉ុន្មានបុរសជាប្តីផ្ទុះហិង្សាវ៉ៃប្រពន្ធជាំភ្នែកទើបធ្វើឱ្យប្រពន្ធទ្រាំមិនបានក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍លែងលះគ្នា។
គួរបញ្ជាក់ថា កាលពីវេលារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្ត្រីម្នាក់ស្ថិតក្នុងសភាពទឹកភ្នែកទឹកសំបោរមុខជាំ ភ្នែកខៀវបានរត់មកដល់ប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ហៅប្តីមកធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សានិងលែងលះគ្នា ដោយសារតែរស់នៅមិនចុះសម្រុងត្រូវប្តីវ៉ៃដំញឹកញាប់។

ភាគីខាងប្រពន្ធសុំមិនប្រាប់អត្តសញ្ញាណមានអាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។ ចំណែកភាគីខាងប្តីអាយុជាង៣០ឆ្នាំ មុខរបរលក់មីឆា មានស្រុកកំណើតនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ប្តីប្រពន្ធអ្នកទាំង២សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីជាប្រពន្ធបានយំរៀបរាប់ប្រាប់ថា នាងនិងប្តីបានចាប់ដៃគ្នា៥ឆ្នាំមកហើយ ដោយស្រឡាញ់គ្នាទាំងចិត្តមានះ មិនជឿសម្តីគ្រូទាយ ដោយកាលពីចាប់ដៃគ្នាចូលរោងការដំបូង កាលពី៥ឆ្នាំមុន ត្រូវគ្រូទាយថា ជើងលេខមិនល្អ ក្រោយពីរៀបការស្នេហាបាក់បែក ឥឡូវពេលនេះពិតជាដូចទំនាយមែន។

តាមសម្តីស្ត្រីចំណាស់ម្នាក់ត្រូវជាម្តាយក្មេករបស់ស្ត្រីខាងលើបានឱ្យដឹងថា ដូចពាក្យចាស់លោកពោលថា គ្រូទាយម្តាយថា កូនចៅប្រុសស្រីមុនចូលពិធីស្តីដណ្តឹង រមែងតែងគន់គូរមើលខែឆ្នាំទាំងសងខាង ហើយកូនគាត់ទាំង២នាក់នេះមុនរៀបការ គ្រូទាយថា ខែឆ្នាំមិនល្អ តែកូនៗស្រឡាញ់គ្នាហើយ រៀបការតាមបំណងចិត្តសាមីខ្លួនទៅ ស្រាប់តែការបាន៨ខែ ក៏ឈ្លោះប្រកែកឈានដល់ការលែងលះគ្នាម្តងរួចមកហើយ តែក្រោយមកពួកគេទាំងពីរក៏ត្រូវគ្នាវិញ។

ស្ត្រីជាម្តាយក្មេកបន្តថា គិតតាំងពីរៀបការ រហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ ហើយពួកគេទាំង២នាក់បានបន្សល់ទុកកូនប្រុសម្នាក់អាយុ២ឆ្នាំ។ ប៉ុន្តែបើនិយាយពីរឿងលែងលះគ្នាវិញ គឺប្តីប្រពន្ធ១គូនេះលែងលះគ្នាច្រើនដងមកហើយ ហើយក៏ត្រូវគ្នាវិញរហូត។ ជាក់ស្តែងមុននេះពួកគេទាំង២នាក់ទើបនឹងកើតមានអំពើហិង្សានាំគ្នាទៅសាលាសង្កាត់ចោមចៅ៣ ធ្វើកិច្ចសន្យាលែងលះម្តងរួចហើយ តែមិនយូរប៉ុន្មានក៏ត្រូវគ្នា វិលមករួមរស់នឹងគ្នាវិញដដែល។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ក៏កើតមានអំពើហិង្សាជាថ្មីដោយប្តីបានវាយប្រពន្ធជាំភ្នែក ទើបប្រពន្ធខឹងរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ឱ្យជួយអន្តរាគមន៍ដោយខាងស្រីប្រកាន់ជំហរឱ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យាអប់រំបញ្ឈប់ហិង្សា រួចនាងយកកូនវិលត្រឡប់ទៅស្រុកវិញ ខណៈដែលឯកសារលែងលះកន្លងមកមានស្រាប់ហើយ។

ក្រោយពីសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស ទីបំផុតប្តីប្រពន្ធខាងលើក៏ដើរចាកចេញរៀងខ្លួនបាត់អស់ទៅ៕