Monday, November 24, 2025
Homeព័ត៌មានជាតិម៉ូតូកញ្ចាស់របស់មន្ត្រីរដ្ឋបាលព្រៃឈើ ចោរលួចយកបាត់

ម៉ូតូកញ្ចាស់របស់មន្ត្រីរដ្ឋបាលព្រៃឈើ ចោរលួចយកបាត់

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងរបស់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ហើយត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទលួចនេះ មានឈ្មោះឡុង រ៉ា  ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកម៉ូតូដែលគេលួចនោះ ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់នៅសង្កាត់រដ្ឋបាលព្រៃឈើស្រែខ្ទម។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញយុត្តិធម៌របស់អធិការដ្ឋានស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោអន សារ៉ាង អធិការរងបានចុះនាំខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលត្រូវកម្លាំងនគរបាលស្រុកស្នួល ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីជនសង្ស័យម្នាក់នេះលួចម៉ូតូរបស់មន្ត្រីរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ហើយជិះទៅដល់ស្រុកស្នួលនោះ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យក្នុងអំពើចោរកម្មម្នាក់នេះ រួមនឹងវត្ថុតាងត្រូវបាននាំយកទៅកាន់ផ្នែកជំនាញ ដើម្បីសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត ចាត់ការបន្ត៕

RELATED ARTICLES