ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រួសារមួយរវល់នាំគ្នាជូនកូនទៅទទួលសញ្ញាបត្រ ដោយចាក់សោទ្វារផ្ទះចោល ស្រាប់តែត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ បង្កឱ្យមានការផ្អើលឆោឡោឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះហ៊ុន សុភី ភេទស្រី អាយុ៤៣ឆ្នាំ មានប្តីឈ្មោះគឹម លាង អាយុ៤៤ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានចេញពីផ្ទះទៅយកកូនដែលបានទទួលសញ្ញាប័ត្រ ចំណែកប្តីក៏ចេញពីផ្ទះដោយចាក់ទ្វារផ្ទះចោល ស្រាប់តែនៅម៉ោង១០ព្រឹកថ្ងៃដដែល គេឃើញភ្លើងឆេះចេញពីក្នុងផ្ទះខាងលើតែម្តង។

មួយសន្ទុះក្រោយមកស្រាប់តែភ្លើងឆេះពេញទំហឹងតែម្តង ស្របពេលនោះមានប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាលក្រុងសិរីសោភ័ណចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ នគរបាលរបស់ស្នងការ១៥នាក់ និងកម្លាំងអាវុធហត្ថចំនួន៣០នាក់ និងរដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកនាង ហាវ និងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនិងក្រុងសិរីសោភ័ណចំនួន៣គ្រឿង នាំគ្នាជួយបាញ់ពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ មួយសន្ទះក្រោយមកភ្លើងបានរលត់ជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀតនោះឡើយ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង មិនដឹងថាគិតជាប្រាក់អស់ប៉ុន្មាននោះទេ ហើយបើតាមអ្នកជំនាញបានធ្វើការសន្និដ្ឋានថា ផ្ទះដែលឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះនៅតំបន់នេះមានខ្សែភ្លើងរញ៉េរញ៉ៃពេញតែកន្លែងភ្លើងឆេះតែម្តង។

ដោយឡែក ម្ចាស់ផ្ទះបានត្រឹមតែអង្គុយយំលែងចេញស្រែកថា ខំរកស៊ីអស់មួយជីវិត ហើយសល់លុយផ្ទះនិងអីវ៉ាន់បន្តិចបន្តួច គ្រាន់តែមួយប៉ប្រិចភ្នែកសោះ ត្រូវភ្លើងឆេះអស់គ្មានសល់៕
