Monday, November 24, 2025
Homeព័ត៌មានជាតិគាត់បានណាត់តាបារាំងម្នាក់ រួចហើយចេញទៅ តាំងពីពេលនោះមកបាត់ដំណឹងឈឹង

គាត់បានណាត់តាបារាំងម្នាក់ រួចហើយចេញទៅ តាំងពីពេលនោះមកបាត់ដំណឹងឈឹង

ភ្នំពេញ ៖ ស្ត្រីមេម៉ាយជាបុគ្គលិកហាងស្រាបារាំងម្នាក់បានទាក់ទងស្គាល់គ្នាជាមួយនឹងបុរសជនជាតិបារាំងម្នាក់តាមហ្វេសប៊ុក រួចក៏ណាត់ជួបមុខគ្នានៅឯខេត្តកំពត ទើបសុំច្បាប់កន្លែងធ្វើការចំនួន៣ថ្ងៃ ដើម្បីទៅជួបមុខប្រុសស្នេហ៍ ស្រាប់តែបាត់ខ្លួនរហូតអស់រយៈពេល១១ថ្ងៃទៅហើយ នៅតែមិនឃើញត្រឡប់មកវិញសោះ ទោះជាមិត្តភក្តិនិងអ្នកគ្រប់គ្រងហាងព្យាយាមទាក់ទងតាមទូរស័ព្ទនិងតាមឆាតយ៉ាងណា ក៏មិនព្រមទទួលសោះ ជាហេតុធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង ពិសេសកូនតូច២នាក់កំពុងទន្ទឹងចាំផ្លូវម្តាយរហូតធ្លាក់ខ្លួនឈឺ។

ស្ត្រីដែលបាត់ដំណឹងអស់រយៈពេល១១ថ្ងៃមកហើយនេះ មានឈ្មោះស្រីណង អាយុ៣៥ឆ្នាំ ធ្វើការនិងស្នាក់នៅហាងស្រាបារាំង IVIP Bar & Food ស្ថិតនៅតាមបណ្តោយផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។  ស្ត្រីរូបនេះជាមេម៉ាយមានកូន២នាក់ក្នុងបន្ទុក ដោយក្នុងនោះកូនប្រុសច្បងឈ្មោះធីម អាយុ១០ឆ្នាំ ចំណែកកូនស្រីពៅ ឈ្មោះទី អាយុ៤ឆ្នាំ ស្នាក់នៅជាមួយម្ចាស់ហាង ខណៈពេលនេះកូនៗទាំង២នាក់នោះកំពុងឈឺ។

យោងតាមសម្តីស្ត្រីម្នាក់ដែលជាអ្នកគ្រប់គ្រងហាងស្រាបារាំង  VIP បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្រីណង បានរអ៊ូរទាំថា ចង់ទៅលេងសមុទ្រនិងតែងតែមានទឹកមុខស្រងូតស្រងាត់ មិនដឹងមានរឿងអ្វីទេ ហើយមុនថ្ងៃចេញពីហាងទៅ ស្រីណង បានមកសុំច្បាប់សម្រាកពីការងារ២-៣ថ្ងៃប៉ុណ្ណោះ ដើម្បីទៅដើរលេងនៅខេត្តកំពត ដោយប្រាប់ថា បុរសបារាំងម្នាក់ទើបស្គាល់គ្នាតាមហ្វេសប៊ុកបានណាត់ជួបគ្នា។ លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្រីណង បានរៀបចំសម្លៀកបំពាក់ឡើងជិះរថយន្តក្រុងសូរិយា ធ្វើដំណើរសំដៅទៅខេត្តកំពត បាត់ទៅ។

ប្រភពដដែលបន្តថា គិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ គឺ១១ថ្ងៃហើយមិនទាន់ឃើញនាងត្រលប់មកធ្វើការវិញទេ ហើយក៏មិនឃើញទាក់ទងទៅអ្នកផ្ទះ ឬទាក់ទងមកអ្នកនៅកន្លែងធ្វើការបានដឹងដែរ ទើបគាត់និងអ្នកធ្វើការជាមួយនាងក៏បានទាក់ទងតាមទូរស័ព្ទនិងតាមហ្វេសប៊ុក (ឆាត) របស់នាង ដើម្បីសួរនាំឱ្យដឹងថានៅឯណា ឬមានបញ្ហាអ្វីបានជាមិនលើកទូរស័ព្ទ ប៉ុន្តែនាងមិនព្រមទទួលឬឆ្លើយតបមកវិញសោះ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ស្រីណង ស្របពេលកូនៗនឹករលឹកខ្លាំងពេកមិនសូវញ៉ាំបាយទឹកទេ ឥឡូវឈឺទៀត ធ្វើឱ្យគាត់ដែលជាអ្នកគ្រប់គ្រងហាងនិងទទួលរ៉ាប់រងបន្ទុកពិបាកចិត្តណាស់។ ដូច្នេះហើយគាត់សូមប្រកាសរកស្ត្រីជាម្តាយដែលសុំច្បាប់ទៅលេងខេត្តកំពត   ហើយបាត់ដំណឹងមិនដឹងទៅដល់ណាឡើយ។

បើសិនជាបងប្អូនណាប្រទះឃើញ ឬជួបនៅកន្លែងណាជួយប្រាប់សមត្ថកិច្ចឬសាមីខ្លួននាងផង ព្រោះពេលនេះកូនៗនាងនឹករលឹកណាស់មិនព្រមហូបអាហារទេ ដូច្នេះហើយសូមជួយ Share ចែករំលែកផង ហើយបើសិនជា បានឃើញ សូមទំនាក់ទំនងមកលេខ ០៨៨ ៥៧៥ ៣៧៥៣៕

RELATED ARTICLES