ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ដែលជាសន្តិសុខត្រូវបានបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចបន្ទាប់ពីជននេះបើកការការិយាល័យគ្រឹះស្ថានប៉ុនប៉ងលួច តែត្រូវបុគ្គលិកគ្រឹះស្ថានឃើញទាន់កាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតនៅក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះយិត ប៊ុនថង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខ មានលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា នៅមុនពេលមានការភ្ញាក់ផ្អើលនិងឃាត់ខ្លួន ជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពបើកលើកទ្វាររមូរនៃការិយាល័យមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅទីតាំងខាងលើ ប៉ុន្តែលើកមិនរួចក៏ត្រូវបានបុគ្គលិកនៅទីនោះ ឈ្មោះសុខ អូន ស្រែកហៅឈ្មោះមុំ សឺង ធ្វើឱ្យជនសង្ស័យភ័យរត់ទៅខាងក្រោយ ប្រុងផ្លោះរបងចេញទៅខាងក្រៅ តែត្រូវបានឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចនគរបាលឱ្យចុះមកពិនិត្យនិងទទួលយកជនសង្ស័យទៅចាត់ការតាមច្បាប់។

ក្រោយទទួលបានព័ត៌មាន ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល បានមកដល់ និងទទួលយកជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ រួចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមច្បាប់៕