Monday, November 24, 2025
Homeព័ត៌មានជាតិស្នាមញញឹមស្រស់ណាស់... ប៉ុន្តែពីពេលនេះទៅ បានត្រឹមតែឃើញរូបថតប៉ុណ្ណោះ

ស្នាមញញឹមស្រស់ណាស់… ប៉ុន្តែពីពេលនេះទៅ បានត្រឹមតែឃើញរូបថតប៉ុណ្ណោះ

ខេត្តបន្ទាយមានជ័យ ៖ យុវតីជាសិស្សសាលាម្នាក់បានបើកម៉ូតូវ៉ារថយន្ត១គ្រឿងដែលបើកក្នុងទិសដៅស្របគ្នា ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យទាក់ចង្កូតដួលបោកទៅកណ្តាលផ្លូវ និងត្រូវរថយន្ត១គ្រឿងផ្សេងទៀតជ្រុលមកកិនចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបានបើកគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃ០១ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩សេ ត្រង់ចំណុចភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។

យុវតីរងគ្រោះដែលត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណាចអាធ័ម មានឈ្មោះព្រឿង គិមឡាង អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩B នៃវិទ្យាល័យភ្នំធំ មានឪពុកឈ្មោះឱម ភិន ម្តាយឈ្មោះវ៉ាន់ វិន និងមានលំនៅក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវតីរងគ្រោះខាងលើ បានបើកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួលេខម៉ាស៊ីន ៨៧៤២៤៩៦ ពាក់ស្លាកលេខបាត់ដំបង 1N-6225 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ១៥៩សេ។

លុះមកដល់ចំណុចកើតហេតុខាងលើ យុវតីរងគ្រោះក៏បានបន្ថែមល្បឿនវ៉ាជែងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដែលធ្វើដំណើរស្របទិសគ្នា តែវ៉ាមិនផុត ក៏ទាក់ដៃម៉ូតូដួលទៅចូលនឹងរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2B-5659 អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩សេ ទិសដៅបញ្ច្រាសគ្នា ធ្វើឱ្យយុវតីជាអ្នកបើកម៉ូតូ ធ្លាក់ខ្ទាតទៅកណ្តាលផ្លូវ និងត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកកិនចំក្បាលស្លាប់ភ្លាមៗតែម្តង រួចរថយន្តនោះក៏បើកគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺដោយសារតែម៉ូតូបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

RELATED ARTICLES