ភ្នំពេញ ៖ បុរសម្នាក់បានស្កាត់ទៅជួបនិងដេកនៅផ្ទះជួលរបស់ស្រីស្នេហ៍១យប់ ស្រាប់តែព្រឹកឡើងស្រីស្នេហ៍ឃើញមិនទាន់ក្រោកក៏ចូលទៅដាស់ តែមិនឮឆ្លើយ ក៏យកដៃស្ទាបមើលទើបដឹងថា ប្រុសស្នេហ៍ស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា នៅចំណុចបន្ទប់ផ្ទាល់ដី ផ្ទះជួលលេខ១២ ផ្លូវលេខ៣០០ស្ទួន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

បុរសរងគ្រោះខាងលើ មានឈ្មោះ TEE CHEN PANG អាយុ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ A60080655 ចំណែកឯនារីជាសង្សារមានឈ្មោះង.ប.វ អាយុ២៨ឆ្នាំ មុខរបរជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បុរសជាជនជាតិម៉ាឡេស៊ី ជាជនរងគ្រោះខាងលើបានមកដេកនៅផ្ទះជួលរបស់នារីជនជាតិវៀតណាមជាសង្សាររបស់ខ្លួនតែពីរនាក់។

លុះព្រឹកឡើងដោយមិនបានឃើញបុរសជាសង្សារជនជាតិម៉ាឡេស៊ីរបស់ខ្លួនក្រោកពីដំណេក ទើបខាងស្រីបានយកដៃទៅអង្រួនដាស់នៅមិនក្រោកទៀត ហើយនាងបានស្ទាបខ្លួនមើលមានសភាពរឹងស្តូកបាត់ទៅហើយ ទើបដឹងថា បុរសជាសង្សាររបស់ខ្លួនបានស្លាប់និងមិនដឹងស្លាប់តាំងពីពេលណាមកនោះទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនិងរាយការណ៍ទៅប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច័យរាជធានីភ្នំពេញ ក៏បានចុះមកដល់ផ្ទះជួលកើតហេតុខាងលើផងដែរ លុះពិនិត្យសាកសពរួចបញ្ជាក់ថា បុរសជាជនជាតិម៉ាឡេស៊ីជាជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិតពេក ទើបបណ្តាលឱ្យគាំងបេះដូងស្លាប់បែបនេះ។

សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅកាន់ប្រទេសកំណើតវិញនិងធ្វើបុណ្យទៅតាមប្រពៃណី៕