Monday, November 24, 2025
Homeព័ត៌មានជាតិដេកតែ១យប់ផ្អើលទៅហើយ កុំទុកចិត្តឲ្យសោះ ទោះសង្សារនឹងគ្នាក៏ដោយ...

ដេកតែ១យប់ផ្អើលទៅហើយ កុំទុកចិត្តឲ្យសោះ ទោះសង្សារនឹងគ្នាក៏ដោយ…

ភ្នំពេញ ៖ យុវជនម្នាក់បាននាំស្រីស្នេហ៍របស់ខ្លួនទៅសុំឪពុកមារបស់ខ្លួនស្នាក់នៅបណ្តោះអាសន្ន ស្រាប់តែស្រីស្នេហ៍រពឹសដៃឃើញពូរបស់ប្រុសស្នេហ៍ទុកកាបូបលុយប្រហែស ក៏លួចយកលុយអស់ចំនួន៤០០ដុល្លារ ហើយក៏គេចខ្លួនបាត់ស្រមោល​ លុះ៤ថ្ងៃក្រោយមក បុរសជាឪពុកមាប្រទះឃើញនារីសង្ស័យនៅតាមផ្លូវក៏ឃាត់ខ្លួនយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួលរបស់ជនរងគ្រោះនៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ទើបឈានដល់ការឃាត់ខ្លួននារីជាជនសង្ស័យនៅចំណុចក្បែរសួនកុមារពោធិ៍ចិនតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះម៉ឺន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះកន ឆង់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រីឯសម្ភារៈបាត់បង់មានលុយដុល្លារចំនួន៤០០ដុល្លារ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែក្មួយប្រុសរបស់ជនរងគ្រោះឈ្មោះគឹម មិថុនា និងជនសង្ស័យឈ្មោះម៉ឺន ស្រីណែត មកសុំស្នាក់នៅជាមួយ។ លុះមកដល់វេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានឱ្យជនសង្ស័យយកលុយ១ម៉ឺនរៀលពីក្នុងកាបូបទៅទិញម្ហូប  ដោយជនរងគ្រោះកំពុងដេកលក់  ហើយជនសង្ស័យបានលួចយកលុយចំនួន៤០០ដុល្លារនិងបានគេចខ្លួនបាត់។

ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងអង្គុយក្នុងម៉ូតូកង់បីក្បែរសួនកុមារពោធិ៍ចិនតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់នាំខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES