Monday, November 24, 2025
Homeព័ត៌មានជាតិណាត់ជួបស្រីស្នេហ៍ចូលក្លឹប មិនទាន់ទាំងបានជួបគ្នាផង មានរឿងបែបនេះហើយ

ណាត់ជួបស្រីស្នេហ៍ចូលក្លឹប មិនទាន់ទាំងបានជួបគ្នាផង មានរឿងបែបនេះហើយ

ភ្នំពេញ ៖ យុវជន២នាក់ទើបនឹងចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកក៏ជិះម៉ូតូដឹកគ្នាក្នុងល្បឿនយ៉ាងលឿន បំណងប្រញាប់ទៅទទួលស្រីស្នេហ៍ចូលក្លឹបរាត្រីរាំលេងនិងផឹកស៊ីបន្ត ក៏ស្រាប់តែជួបគ្រោះអកុសលបុកខឿនផ្លូវ រួចក៏ខ្ទាតចូលទៅក្រោមរថយន្តកុងតឺន័រ១គ្រឿង កិនស្លាប់១របួសស្រាលមួយ ចំណែកភាគីរថយន្តកុងតឺន័របានបន្ថែមល្បឿនគេចបាត់ស្រមោលភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០យប់ ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ចំណុចជិតរង្វង់មូលចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលត្រូវរថយន្តកុងតឺន័រកិនស្លាប់ មានឈ្មោះជា រតនា អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់កំបូល ខណ្ឌកំបូល និងមានស្រុកកំណើតខេត្តព្រៃវែង (ជាអ្នកបើកម៉ូតូ និងជាម្ចាស់ម៉ូតូ)។

ចំណែកមិត្តភក្តិដែលរួមដំណើរទទួលរងរបួសស្រាល មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CF-6616។ ចំណែកភាគីរថយន្តជាប្រភេទរថយន្តកុងតឺន័រ មិនចាំម៉ាកនិងស្លាកលេខ ក្រោយកើតហេតុបានបន្ថែមល្បឿនទៅមុខគេចបាត់ស្រមោល។

តាមប្រភពពីយុវជនដែលទទួលរងរបួសស្រាល បានឱ្យដឹងថា មុនពេលកើតហេតុពួកគេទាំង២នាក់ទើបនឹងចេញពីផឹកស៊ីនៅផ្ទះជួលនិងបានជិះម៉ូតូដឹកគ្នា បំណងទៅយកសង្សារនៅម្តុំស្ទឹងមានជ័យ ដើម្បីយកមកចូលក្លឹបទាំងអស់គ្នាដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ារថយន្តកុងតឺន័រ តែជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ដួលខ្ទាតចូលកង់រថយន្តកិនស្លាប់តែម្តង ឯរូបគេរងរបួសស្រាល ចំណែករថយន្តកុងតឺន័របានបន្ថែមល្បឿនបើកគេចបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ជូនវិញ រីឯសពត្រូវក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES