ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថាប្តីរបស់នាងជាមនុស្សខូចខិលរឿងស្រីញី ភ្លេចប្រពន្ធភ្លេចកូន ចុះចោលផ្ទះទៅសម្ងំសោយសុខជាមួយស្រីថ្មី តាំងពីប្រពន្ធកំពុងមានផ្ទៃពោះធំ៤ខែ (កូនទី២) ថែមទាំងប្តឹងលែងលះប្រពន្ធថែមទៀត ធ្វើឱ្យស្ត្រីជាប្រពន្ធដែលពេលនេះទើបសម្រាលកូនខ្ចីឈឺចិត្តស្អិតទ្រូងផ្តាំទៅស្រីដែលយកប្តីរបស់នាងឱ្យជួយថែប្រុសធូរថ្លៃ (អតីតប្តី)នេះផង។

ស្ត្រីជាប្រពន្ធដែលអះអាងថា ប្តីរបស់ខ្លួនមានចរិតធូរថ្លៃវក់នឹងស្រីស្នេហ៍ចុះចោលផ្ទះ ប្តឹងលែងលះប្រពន្ធទៀតនោះ មានឈ្មោះ យឺន ករុណា អាយុ២៨ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានាយកដ្ឋានព្រះបរមរាជវាំង ស្នាក់នៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ចំណែកឯបុរសជាប្តី មានឈ្មោះអេង ឃាង អាយុ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលពន្លត់អគ្គិភ័យ មានលំនៅផ្ទះលេខ៨០៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ស្ត្រីជាប្រពន្ធឈ្មោះយឺន ករុណា បានទម្លាយរឿងរ៉ាវជីវិតជូរចត់របស់ខ្លួនតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ថា “ល្អតែមើលស្អាតតែរូបសម្តីថ្លៃសម្តែងសមនិយាយសមពូកែសម្តែងទាំងស្រីទាំងប្រុស តែធាតុពិតអាប្រុសក៏ថោក មីស្រីវិញចរិតធូរថ្លៃខ្វះប្រុសយកប្តីគេហើយសម្តីបានទៀតអាប្រុសវិញសុទ្ធតែស្បថមិនទាក់ទង ធាតុពិតមើលទៅឡូយណាស់សមណាស់ធ្វើខ្លួនដូចអត់មានរឿងអី នាងអើយលោកអើយមិនទាន់ចប់ទេ ហ៊ានធ្វើអ៊ីចឹងផងសាហាវទាំងប្រុសទាំងស្រីខ្លាំងជាងគេអាប្រុសខ្វះទំនួលខុសត្រូវរមិលគុណ។ ស្រីល្អផ្ញើប្តីផង មើលថែម្នាក់ហ្នឹងឱ្យល្អផងតិចទៀតទៅបានកូនពីរបីវាបញ្ចោញចរិតដើមធ្វើដាក់នាងឯងវិញទៅប្រឹងតិចទៅនាង នាងឯងខ្លាំងតិចទៀតទៅមានអ្នកខ្លាំងជាងនាងឯងទៀតថោកណាស់មិនជេរនាំឱ្យថោកមាត់ទេចាំទុកអាប្រុសចរិត ធូរថ្លៃអ្នកឯងជេរកូនៗសុទ្ធតែកើតមកឱ្យងាប់ ឥឡូវអ្នកឯងបើកភ្នែកអ្នកឯងមើលទៅកូនខ្ញុំម៉េចវិញ។ លោកឯងមានចិត្តកាចសាហាវជាងសត្វតិរច្ឆានទៀតយកទៅស្រីល្អថែប្រុសល្អរបស់នាងឯងផងទៅ រត់ចោលកូនតាំងពីកូនអាយុ៤ខែក្នុងពោះ កូនប្រុសបងអាយុ៤ឆ្នាំ ដោយសារនាងឯងហ្នឹងហើយឮហើយថាម្នាក់ហ្នឹងមានកូនប្រពន្ធនាងឯងនៅតែទាក់ទង ហើយសម្តីថ្លៃទៀត។ អាប្រុសវិញវក់នឹងស្រីទុកកូនប្រពន្ធដូចសត្វ មិនខ្វល់អាក្រក់រកលេខដាក់គ្មានទេលើលោក…”។

ដោយឡែក គណនីហ្វេសប៊ុកប្អូនបង្កើតរបស់ស្ត្រីជាប្រពន្ធ បានចែករំលែក (Share) នូវ សំណេរក្នុងគណនីហ្វេសប៊ុករបស់បងស្រីខ្លួនខាងលើជាមួយសំណេរចាក់ដោតថា “មើលមុខឱ្យហើយចុះបងប្អូនប្រពន្ធធ្លាក់ឈាមទាំងថ្លុកៗស្រែករកប្តី តែប្តីបែរជាដេកឱបស្រីធ្វើមិនដឹង ប្រពន្ធរកការងារឱ្យល្អធ្វើមានបាន បែរជាបែកគំនិតមានស្រីធ្វើបាបចិត្តប្រពន្ធ ដេកឱបស្រីហ៊ឺហាធ្វើមិនដឹង ហើយដាក់ពាក្យបណ្តឹងទារលែងប្រពន្ធទៅវិញ (ជួយគិតផងមើល)…”។
យោងតាមពាក្យបណ្តឹងសុំលែងលះរបស់បុរសជាប្តី ដែលបានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៩ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
ដើមចោទ ៖ ឈ្មោះអេង ឃាង ភេទប្រុស កើតថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ មុខរបរមន្ត្រីជាប់កិច្ចសន្យាអគ្គិភ័យ មានលំនៅបច្ចុប្បន្នផ្ទះលេខ៨០៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចុងចម្លើយ ៖ ឈ្មោះយឺន ករុណា ភេទស្រី កើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានលំនៅបច្ចុប្បន្ន ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមគោរពជូន លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ សូមទានជ្រាប។
កម្មវត្ថុ ៖ ប្តឹងសុំឱ្យតុលាការចេញសាលក្រមលែងលះ ពីចុងចម្លើយឈ្មោះយឺន ករុណា ភេទស្រី កើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២។
យោង ៖ សំបុត្រអាពាហ៍ពិពាហ៍លេខ០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥។
តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទសូមជម្រាបជូនលោកប្រធានមេត្តាជ្រាបថា ខ្ញុំបាទបានរៀបអាពាហ៍ពិពាហ៍ជាមួយចុងចម្លើយឈ្មោះយឺន ករុណា កាលពីអំឡុងឆ្នាំ២០១៥ ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់រយៈពេលរស់នៅជាមួយគ្នាមានកូនប្រុសចំនួន១នាក់។ ការរួមរស់ជាប្តីប្រពន្ធតែងតែមិនចុះសម្រុងជាមួយគ្នានិងបានបែកលំនៅសង្វាសអស់រយៈពេល៣ខែមកហើយដែលជាហេតុធ្វើឱ្យខ្ញុំបាទអស់មនោសញ្ចោតនាជាប្តីប្រពន្ធតទៅទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោកប្រធានមេត្តាចេញសាលក្រមលែងលះពីឈ្មោះយឺន ករុណា តាមការប្តឹងសុំរបស់ខ្ញុំបាទ ដោយក្តីអនុគ្រោះ…។

ដោយឡែក យោងតាមកំណត់ហេតុស្តីពីនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលក្នុងសំណុំរឿងប្តឹងលែងលះរបស់ដើមចោទឈ្មោះអេង ឃាង (វត្តមាន) និងចុងចម្លើយឈ្មោះយឺន ករុណា (អវត្តមាន) បានបញ្ជាក់ឱ្យដឹងថាលោកកោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសាកល្បងធ្វើការផ្សះផ្សាតែភាគីពុំព្រមជានឹងគ្នាដោយក្នុងនោះភាគីដើមចោទឈ្មោះអេង ឃាង នៅតែទាមទារលែងលះដោយសុខចិត្តប្រគល់សិទ្ធិចិញ្ចឹមកូនប្រុសឈ្មោះឃាង វឌ្ឍនា ទៅឱ្យភាគីចុងចម្លើយឈ្មោះយឺន ករុណា ដោយសុំផ្តល់អាហារកិច្ចជួយចិញ្ចឹមកូនទៅតាមលទ្ធភាពព្រោះសំអាងលើការងារជាបុគ្គលិកអគ្គិភ័យពុំមានប្រាក់ខែច្បាស់លាស់រីឯទ្រព្យសម្បត្តិរួមនិងបំណុលជំពាក់គេពុំមាននោះទេ។
ជាសំណូមពររបស់ដើមចោទ គឺសុំឱ្យតុលាការចេញសាលក្រមលែងលះពីប្រពន្ធ និងប្រគល់កូនប្រុសម្នាក់ឱ្យទៅចុងចម្លើយ។
ចំណែកភាគីចុងចម្លើយឈ្មោះយឺន ករុណា (អវត្តមាន) តែមន្ត្រីទទួលបន្ទុកបញ្ជូនដីកាសាលាដំបូងរាជធានីភ្នំពេញ លោកតាន់ កៅ បានយកដីកាកោះប្រគល់ឱ្យហើយ តែមិនជួបសាមីខ្លួនទេ តែត្រូវឈ្មោះកែវ ស្រៀង ជាម្តាយ ទទួលជំនួសទុកឱ្យកូនឈ្មោះយឺន ករុណា (ចុងចម្លើយ) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ រួចហើយ…។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវចម្រូងចម្រាសខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំ ការបំភ្លឺបន្ថែមពីសាមីខ្លួនភាគីទាំងសងខាងបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕