Monday, November 24, 2025
Homeព័ត៌មានជាតិរស់នៅមិនចុះសម្រុង ប្រពន្ធដឹកដៃកូនចុះចោល ប្តីឈឺចិត្តស្អិតទ្រូង ធ្វើឲ្យគេផ្អើល

រស់នៅមិនចុះសម្រុង ប្រពន្ធដឹកដៃកូនចុះចោល ប្តីឈឺចិត្តស្អិតទ្រូង ធ្វើឲ្យគេផ្អើល

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រស់នៅមិនចុះសម្រុងនឹងគ្នាសោះ ចេះតែកើតមានរឿងឈ្លោះប្រកែកជាប់ជាប្រចាំ រហូតដល់ភាគីស្ត្រីជាប្រពន្ធទ្រាំលែងបានក៏នាំកូនចុះចោលផ្ទះបាត់ ធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូងអង្គុយផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ស្ទុះលោតចុះពីលើអគារជាន់ទី២បំណងសម្លាប់ខ្លួន បណ្តាលឱ្យបាក់ជើងទាំងសងខាងរងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចសំណង់ទើបសាងសង់ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសគិតខ្លីដែលលោតពីលើអគារជាន់ទី២សម្លាប់ខ្លួន បណ្តាលឱ្យបាក់ជើងទាំងគូ មានឈ្មោះលឹម ថន អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីអ្នកជិតខាង បានឱ្យដឹងថា ជនរងគ្រោះមានប្រពន្ធកូននឹងគេដែរ តែការរស់នៅដូចជាមិនចុះសម្រុងនឹងគ្នាសោះ ចេះតែរកាំរកូសរហូត។ លុះមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានឈ្លោះជាមួយប្រពន្ធយ៉ាងខ្លាំង ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធខឹងពេកក៏បាននាំកូនចុះចោលផ្ទះបាត់ទៅ។

ប្រភពដដែលបន្តថា ក្រោយពីប្រពន្ធនិងកូនទៅចោលបាត់ បុរសរងគ្រោះជាប្តីក៏ឈឺចិត្តស្អិតទ្រូង ចេះតែអង្គុយផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ។ លុះមកដល់យប់ថ្ងៃកើតហេតុ គេឃើញជនរងគ្រោះបានអង្គុយផឹកស្រាតែម្នាក់ឯង រហូតដល់ម៉ោងកើតហេតុជនរងគ្រោះក៏បានឡើងទៅលើអគារជាន់ទី២ ដែលកំពុងសាងសង់នៅក្បែរនោះ រួចក៏លោតចុះមកក្រោមបំណងសម្លាប់ខ្លួនតែមិនស្លាប់ បណ្តាលឱ្យបាក់ជើងទាំងសងខាងរងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យភ្លាមៗ៕

RELATED ARTICLES