ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដូចស្ថិតក្នុងស្ថានភាពធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ប៉ុន្តែអ្វីដែលគួរឱ្យសង្ស័យនិងភ្ញាក់ផ្អើលនោះ គឺដៃរបស់ជនរងគ្រោះទាំងសងខាងបានជាប់ចំណងទៅវិញ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ផ្អើលឆោឡោនិងសង្ស័យថា ជនរងគ្រោះត្រូវឃាតករសម្លាប់រួចចាប់ចងព្យួរកដើម្បីចង់បង្វែងដានសមត្ថកិច្ច។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកូនខ្ទមមួយកន្លែងស្ថិតក្នុងភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

សាកសពជនរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុមានអ្នកភូមិបានដើរឆ្លងកាត់ខ្ទមកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់នៅខាងក្នុងខ្ទមសភាពចងកសម្លាប់ខ្លួន ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺនៅដៃទាំងសងខាងរបស់ជនរងគ្រោះដែលសណ្តូកចុះមកក្រោម បែរជាមានជាប់ចំណងទៅវិញ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពនិងទីតាំងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះតែការស្លាប់របស់ជនរងគ្រោះខុសប្លែកពីអ្នកធ្វើអត្តឃាតផ្សេងៗ ដោយសារតែឃើញនៅនឹងដៃជនរងគ្រោះមានជាប់ខ្សែចំណងយ៉ាងមាំ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ហ៊ានអះអាងថា ជាករណីអត្តឃាតឬពាក់ព័ន្ធករណីឃាតកម្មនោះនៅឡើយ ដោយរង់ចាំការធ្វើកោសល្យវិច័យពីជំនាញជាមុនសិន៕