ទីក្រុង Rio៖ ពិតជាមានមោទកភាពនិងក្តីសប្បាយរីករាយជាខ្លាំងដែលក្រុមកីឡាករកម្ពុជា និងជាម្ចាស់ជើងឯក Tiger Street Football Festival 2019 ទទួលការអញ្ជើញមកជួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក “RONALDINHO” នៅគេហដ្ឋានរបស់លោកជាលក្ខណៈឯកជនភាព។ ដំណើរទស្សនកិច្ចនេះគឺនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ចំនួន៣ថ្ងៃ គឺថ្ងៃទី17 18 និងថ្ងៃទី19 ខែកក្កដា ឆ្នាំ2019។

ក្រុមកីឡាករកម្ពុជា និងក្រុមការងារស្រាបៀរថៃហ្គ័រ បានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់គេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល លោក RONALDINHO មានការថតរូបអនុស្សាវរីយ៍ជាមួយក្រុមកីឡាករកម្ពុជា ជាពិសេស លោក RONALDINHO បានចុះហត្ថលេខាផ្ទាល់លើអាវកីឡាជាច្រើនទុកជាកាដូពិសេសជូនសមាជិកទាំងអស់នៃក្រុមកីឡាករកម្ពុជា និងបានរៀបចំកម្មវិធីជប់លៀង អាំងសាច់បែបអាហារប្រចាំប្រទេសប្រេស៊ីល និងអាហារប៊ុហ្វេច្រើនមុខដ៏ឆ្ងាញ់ពិសា និងមានបម្រើភេសជ្ជៈជាច្រើន អមជាមួយការចាក់តន្រ្តីកំដរអារម្មណ៍ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលជាទីបំផុត ហើយនិងមានវត្តមានបងប្រុស RONALDINHO និងមិត្តភក្តិជាច្រើនរបស់លោក RONALDINHO ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ព្រមទាំងការលេង Footvolley ដែលជាកីឡាដ៏ពេញនិយមនៅប្រទេសប្រេស៊ីល ដែលបានធ្វើឡើងនៅក្នុងសួនដ៏ស្រស់ស្អាតនៅក្នុងបរិវេណគេហដ្ឋានរបស់ RONALDINHO។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក RONALDINHO បានមានប្រសាសន៍ថា លោកពិតជារំភើបរីករាយដែលបានរៀបចំពិធីជប់លៀងនៅក្នុងបវិវេណគេហដ្ឋានផ្ទាល់របស់លោក ដើម្បីស្វាគមន៍ក្រុមម្ចាស់ជើងឯកនៃកម្មវិធី Tiger Street Football Festival 2019 មកពីប្រទេសកម្ពុជា ជាពិសេសផ្តល់ការណែនាំបច្ចេកទេសលេង និងចែករំលែកបទពិសោធន៍ល្អៗរបស់លោកជូនក្រុមម្ចាស់ជើងឯក។ លោកត្រៀមខ្លួនរួចជាស្រេចក្នុងការមកទស្សនាប្រទេសកម្ពុជា និងមកជួបផ្ទាល់អ្នកគាំទ្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។

ជាពិសេសទៅទៀត ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមកីឡាករកម្ពុជា បានចូលទស្សនាផ្ទាល់នូវការប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានដ៏ធំឈ្មោះ Maracanã រវាងក្រុម Flamengo និង Athletico Paranaense ដើម្បីប្រកួតដណ្តើមពានរង្វាន់ប្រេស៊ីល (Copa do Brasil) ដោយមានការចូលរួមពីអ្នកគាំទ្រកីឡាបាល់ទាត់រាប់ម៉ឺននាក់ សំឡេងនូវការទូងស្គរ និងស្រែកហ៊ោអបអរពេញពហុកីឡាដ្ឋានយ៉ាងរំភើបសប្បាយរីករាយក្រៃលែង។ នេះគឺជាបទពិសោធន៍លើកដំបូងក្នុងការទស្សនាដោយផ្ទាល់នូវកម្មវិធីប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានអន្តរជាតិនៅក្នុងទ្វីបអាមេរិកឡាទីន សម្រាប់ក្រុមម្ចាស់ជើងឯក និងក្រុមការងារស្រាបៀរថៃហ្គ័រ ដែលមានអារម្មណ៍រំភើប និងសប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាន។

លើសពីនេះទៀត បានរីករាយទស្សនានៅកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុង Rio ដូចជា ទស្សនាទេសភាពភ្នំ Corcovado និង Sugarloaf ដើរលំហែកម្សាន្តបន្ធូរអារម្មណ៍នៅតាមឆ្នេរសមុទ្រ Copacabana ដ៏វែងនិងស្រស់ស្អាត អមជាមួយអគារខ្ពស់ៗដែលមានរចនាបទទំនើប គួរឲ្យទាក់ទាញនៅកណ្តាលទីក្រុង Rio ។

ក្នុងឱកាសពិសេសនេះផងដែរ លោកភូ គឹមសែ ដែលជាប្រធានក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 បានប្រសាសន៍ថា លោកនិងសមាជិកទាំងអស់របស់លោក មានអារម្មណ៍រំភើបរីករាយនិងរំជើបរំជួលចិត្តខ្លាំងណាស់ ដែលបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ក្នុងដួងចិត្តរបស់លោក គឺលោក RONALDINHO នៅក្នុងគេហដ្ឋានផ្ទាល់របស់គាត់នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ហើយលោកសង្ឃឹមថា Tiger Street Football Festival នឹងមានការរៀបចំកម្មវិធីជួបផ្ទាល់បែបនេះកាន់តែអស្ចារ្យជាមួយនឹងកំពូលរីបុរសបាល់ទាត់លំដាប់ពិភពលោកនៅឆ្នាំក្រោយៗទៀត។

ឆ្នាំនេះជាភាពជោគជ័យដ៏ធំធេង និងកាន់តែប្លែកខុសពីឆ្នាំមុនៗ សម្រាប់កម្មវិធី Tiger Street Football Festival 2019 ដោយបានផ្តល់បទពិសោធន៍ដ៏កម្រមាន មិនដែលធ្លាប់មានពីមុនមក និងមានតែម្តងគត់ក្នុងមួយជីវិតសម្រាប់ក្រុមកីឡាករកម្ពុជាជួបផ្ទាល់ក្នុងគេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក RONALDINHO នៅទីក្រុង Rio ប្រទេសប្រេស៊ីល។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីទស្សនកិច្ច សកម្មភាពនិងរូបភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 ទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ

