ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត (បែកថ្នាំ) ក៏បង្កការអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងថែមទាំងរករឿងឈ្លោះប្រកែកគំរាមអ្នកផ្ទះថែមទៀត រហូតធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ៣ សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា។
យុវជនដែលត្រូវម្តាយប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះស៊ីន ណារិទ្ធ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា កូនប្រុសម្នាក់នេះគឺជាមនុស្សដែលគ្មានការងារអ្វីធ្វើនោះទេ និងថែមទាំងដើរសេពគប់មិត្តភក្តិមិនល្អ ដើរតែផឹកស៊ីនិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ។ លុះក្រោយពីប្រើសារធាតុញៀនហួសកម្រិត ក៏បានវាយបំផ្លាញទ្រព្យសម្បត្តិនិងរករឿងអ្នកផ្ទះទៀតផង ទើបត្រូវម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនាំយុវជនខាងលើ ទៅសាកសួរនិងធ្វើតេស្តទឹកនោមរកឃើញសារជាតិញៀន។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕