ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ត្រូវក្រុមគ្រួសារអះអាងថាគឺជាមនុស្សមានជម្ងឺសរសៃប្រសាទប្រចាំកាយ លុះពេលនាំគ្នាទៅដកស្មៅយកមកលក់ ស្រាប់តែស្ត្រីរងគ្រោះបានចុះឆ្លងទឹកស្ទឹងតែម្នាក់ឯង ប៉ុន្តែដោយសារទឹកជ្រៅទើបធ្វើឱ្យផុតដៃផុតជើងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម លុះ២ថ្ងៃក្រោយទើបសាកសពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចទឹកស្ទឹង១កន្លែង តំបន់អន្លង់ត្រាច ក្នុងភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ។

ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះអ៊ាន ភាក់ អាយុ៣៨ឆ្នាំ ជាមនុស្សមានជម្ងឺសរសៃប្រសាទប្រចាំកាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះសួរ ណេត អាយុ២៨ឆ្នាំ ត្រូវជាក្មួយរបស់ស្ត្រីរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ២០១៩ ជនរងគ្រោះបានមកបបួលនាងទៅដកស្មៅថ្នក់ទឹកដើម្បីយកមកលក់នៅចំណុចតំបន់អន្លង់ត្រាច ខាងកើតភូមិក្រយាជើង ចម្ងាយប្រហែល១៥០០ម៉ែត្រ។

លុះពេលទៅដល់បានជួបឈ្មោះយាយអ៊ា និងឈ្មោះមីងខែ ជាអ្នកភូមិជាមួយ កំពុងដើររកដកស្មៅនៅតំបន់នោះដែរ ក៏អង្គុយជជែកគ្នាលេងបានមួយសន្ទុះក៏បំបែកគ្នាទៅរកដកស្មៅរៀងៗខ្លួន។
ក្មួយរបស់ស្ត្រីរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង១និង៤០នាទីរសៀលថ្ងៃដដែល នាងក៏បានស្រែកហៅមីងភាក់ ឱ្យមកហូបបាយព្រោះគាត់ផ្ញើម្ហូបនៅនឹងនាង តែមិនលឺសម្លេងតបវិញសោះ នាងក៏ស្រែកសួរយាយអ៊ានិងមីងខែ ពួកគាត់ក៏ឆ្លើយថា អត់ឃើញទេ។

បន្ទាប់មកក៏នាំគ្នាដើររកស្រាប់តែឃើញស្បែកជើងស្ត្រីរងគ្រោះនៅលើច្រាំងក្បែរមាត់ស្ទឹង តែមិនឃើញមនុស្សទេ ពួកគាត់ក៏នាំគ្នាដើររកតាមព្រៃមាត់ស្ទឹង និងតាមចម្ការស្វាយចន្ទីរកក្បែរៗនោះតែរកមិនឃើញ ក៏ត្រឡប់មកភូមិហើយប្រាប់បងប្អូនក្នុងភូមិឱ្យជួយរកនិងចុះរាវរកក្នុងស្ទឹង នៅតែរកមិនឃើញ។ រហូតមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ទើបប្រទះឃើញសាកសពអណ្តែតទឹកស្ទឹងនៅចំណុចភូមិក្រយាត្បូង ឃុំក្រយា មិនដឹងស្លាប់ពីពេលណានោះទេ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលឃុំក្រយានិងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុនិងពិនិត្យសាកសព មិនឃើញមានស្លាកស្នាមអ្វីទេ។
តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។ មូលហេតុដោយសារជនរងគ្រោះចុះឆ្លងទឹកស្ទឹងទឹកជ្រៅផុតដៃ ផុតជើងបណ្តាលឱ្យលង់ស្លាប់។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀចបំធ្វើបុណ្យតាមប្រពៃណី៕