ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ក្រោយពីហូបបាយថ្ងៃត្រង់រួចក៏ដើរទៅរកលាងដៃនៅពាងទឹក រួចក៏តោងសំណាញ់ដែកបង្គោលរបងព្រំដី ក៏ស្រាប់តែឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបរិវេណផ្ទះរបស់ស្ត្រីរងគ្រោះស្ថិតក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
ស្ត្រីចំណាស់ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះប៊ូ សាលី អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានអង្គុយញ៉ាំបាយជាមួយចៅស្រី២នាក់ ទី១-ឈ្មោះ ឡេ ណារ៉ី អាយុ១៣ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះឡេ ណារី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស។

លុះពេលដែលញ៉ាំបាយរួច ស្ត្រីរងគ្រោះជាជីដូនក៏បានចុះពីលើគ្រែក្រោមផ្ទះ រួចក៏ដើរសំដៅទៅលាងដៃនៅមុខបង្គន់ជាប់ព្រំដី ស្រាប់តែពេលទៅដល់ស្ត្រីរងគ្រោះបានបានលូកដៃទៅចាប់សំណាញ់ដែកបង្គោលរបង បណ្តាលឱ្យឆ្លងចរន្តអគ្គីសនីឆក់តែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះចៅស្រីឈ្មោះឡេ ណារី បានប្រទះឃើញក៏ស្រែកហៅឱ្យគេជួយ ពេលនោះអ្នកនៅជិតខាងឈ្មោះជុំ ខុម ហៅយៀន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ បានស្ទុះមកទាញអាវស្ត្រីរងគ្រោះដែរ តែត្រូវចរន្តអគ្គីសនីឆក់ ទើបដកដៃចេញមកវិញទាន់។
បន្ទាប់មកចៅស្រីឈ្មោះឡេ ណារី បានរត់ទៅបិតបារ៉ែតភ្លើងនៅក្នុងផ្ទះ រួចក៏ចូលទៅជួយជីដូន តែអកុសលជីដូនបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យសព ហើយបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យកូនចៅ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕