ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបានចុះត្រួតពិនិត្យសំណង់ដែលកំពុងសាងសង់ក្នុងខេត្តព្រះសីហនុ ខណៈដែលកន្លងមកមន្ត្រីបច្ចេកទេសពិនិត្យឃើញថា ជាសំណង់គ្មានគុណភាពឬមិនទាន់មានច្បាប់អនុញ្ញាត។

ការចុះត្រួតពិនិត្យនេះ ដោយដឹកនាំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមដំណើរដោយឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានប្រាប់ថា រាល់សំណង់ដែលកំពុងសាងសង់ក្នុងខេត្តព្រះសីហនុ អាជ្ញាធររកឃើញថា សាងសង់មិនមានគុណភាពខុសលក្ខណៈបច្ចេកទេស តម្រូវឲ្យម្ចាស់រុះរើសំណង់នោះ ចេញហើយសាងសង់ជាថ្មីតាមប្លង់ និងច្បាប់ដែលបានអនុញ្ញាត។

ឯកឧត្តមកក៏បានបញ្ជាក់ថា ចំពោះសំណង់ដែលសាងសង់មិនទាន់មានច្បាប់ គឺអោយផ្អាកការសាងសង់ និងឲ្យម្ចាស់សុំច្បាប់បានត្រឹមត្រូវ ទើបអនុញ្ញាតអោយធ្វើបន្ត៕


