ខេត្តប៉ៃលិន ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវគេស្គាល់ថាជាអ្នកញៀនល្បែងកាស៊ីណូតែងឆ្លងដែនចេញចូលមកលេងល្បែងនៅក្នុងកាស៊ីណូទឹកដីខ្មែរជាប្រចាំលុះទំនងជាចាញ់ល្បែងបោសគូទខោមិនហ៊ានត្រឡប់ទៅផ្ទះវិញក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលអស់រយៈពេល៣-៤ថ្ងៃរហូតដល់ហើមស្អុយទើបមានអ្នកប្រទះឃើញបង្កឱ្យមានការផ្អើលឆោឡោឡើងកាលពីវេលាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ឆែតៀ កាក់ឆាក់កន ភេទស្រី អាយុ៤៩ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

លោកព្រាប សារុន មេភូមិផ្សារព្រំជើង បានឱ្យដឹងថា សពស្ត្រីរងគ្រោះខាងលើគិតមកដល់វេលាម៉ោង២រសៀលថ្ងៃទី៣០ ខែកក្កដានេះ បន្ទាប់ពីធ្វើកោសល្យវិច័យរួច ត្រូវបានប្រគល់ជូនខាងភាគីថៃរួចរាល់ហើយ។
លោកបន្តថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើមកជួលផ្ទះរបស់ឈ្មោះធី ឡៃគា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ស្នាក់នៅ ហើយក៏តែងតែមានជម្លោះពាក្យសម្តីជាមួយមិត្តភក្តិជាជនជាតិថៃដូចគ្នាជាញឹកញាប់ ហើយស្ត្រីខាងលើជាអ្នកដើរលេងក្នុងកាស៊ីណូជាប្រចាំ ដោយសង្ស័យតែចាញ់ល្បែងអស់ច្រើន ទើបសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតតែម្តង។

លោកសែម សុផល នាយប៉ុស្តិ៍នគរបាលឃុំស្ទឹងកាច់ បានឱ្យដឹងថា ជនរងគ្រោះបានស្នាក់នៅក្នុងផ្ទះបន្ទប់ជួលខាងលើជាយូរមកហើយ និងធ្វើការរកស៊ីលេងល្បែងកាស៊ីណូ។
លោកបន្តថា គេមិនទាន់ដឹងថា ស្ត្រីរូបនេះសម្រេចបញ្ចប់ជីវិតដោយមូលហេតុអ្វីឱ្យច្បាស់នៅឡើយទេ ព្រោះគាត់ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯង រហូតដល់សពហើមស្អុយទើបម្ចាស់ផ្ទះនិងអ្នកជិតខាងគាស់គន្លឹះទ្វារបន្ទប់ឃើញបែបនេះក៏ប្តឹងឱ្យនគរបាលចុះទៅត្រួតពិនិត្យ។

លោកបញ្ជាក់ថា ក្រោយធ្វើកោសល្យវិច័យសពខាងលើរួចហើយឃើញថា ពិតជាធ្វើអត្តឃាតមែន ហើយក្រោយមកខាងសមត្ថកិច្ចបានរៀបចំរុំសពស្ត្រីរងគ្រោះដើម្បីប្រគល់ជូនទៅភាគីថៃ នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃដដែល ដើម្បីឱ្យសាច់ញាតិដឹកទៅកាន់ស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕