ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យម្នាក់នេះនិងបក្ខពួកបានធ្វើសកម្មភាពកាច់កញ្ចក់រថយន្តទំនើប Lexus LX 570 កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១០៦ ស្ថិតក្នុងភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងអំពើចោរកម្មនេះ ឈ្មោះជឹម រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងលំនៅមិនពិតប្រាកដ មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-9250 ជាមធ្យោបាយជិះធ្វើសកម្មភាព។ ចំណែកបក្ខពួកម្នាក់ទៀត បានគេចខ្លួនបាត់មិនត្រូវបាន ស្គាល់ឈ្មោះនោះទេ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យនិងបក្ខពួកបានបើកម៉ូតូកង់បីខាងលើ ដឹកគ្នាទៅអែបនឹងរថយន្តទំនើបដែលគេចតតាមផ្លូវធ្វើរបៀបដូចជាអ្នករត់កង់បីដឹកភ្ញៀវអែបឈប់អ៊ីចឹង ហើយក៏ធ្វើសកម្មភាពកាច់កញ្ចក់មើលក្រោយបានមួយចំហៀងខាងឆ្វេង។

ប្រភពដដែលបានបន្តថា ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ សហការនឹងកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋានខណ្ឌដូនពេញ ដេញចាប់បានម្នាក់ ដកហូតវត្ថុតាងកង់បីជាមធ្យោបាយ និងកញ្ចក់រថយន្ត Lexus LX 570 ប្រគល់ជូនម្ចាស់វិញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនាំយកទៅសាកសួរ ដើម្បីស្វែងរកបក្ខពួក និងសកម្មភាពដែលពួកគេប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕