ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ៣០លានដុល្លារ ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុននឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឆបោកប្រាក់ជាង៣០លានដុល្លារខាងលើ មានឈ្មោះឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត បានបញ្ជាក់ថា ការចាប់ខ្លួននេះក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងមានការបញ្ជាណែនាំពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ទោ បន្ថែមថា ជនសង្ស័យខាងលើបានប្រើល្បិចបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជាច្រើននាក់ដាក់ប្រាក់វិនិយោគលើការជួញដូររូបិយប័ណ្ណអន្តរជាតិ (Forex Trading) ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់។ ប៉ុន្តែក្រោយមកជនសង្ស័យបានយកប្រាក់ ហើយគេចខ្លួនបាត់ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់។

បើតាមលោកអនុប្រធាននាយកដ្ឋាន ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ទើបបានបញ្ជូនមកធ្វើការសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕