Monday, November 24, 2025
Homeព័ត៌មានជាតិថៅកែចិនមិនអនុញ្ញាតឱ្យស្លៀករ៉ូប ទោះជាគ្រប់ខែក៏ដោយ កម្មករផ្ទុះកូដកម្ម

ថៅកែចិនមិនអនុញ្ញាតឱ្យស្លៀករ៉ូប ទោះជាគ្រប់ខែក៏ដោយ កម្មករផ្ទុះកូដកម្ម

ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនីប្រមាណជិត៣០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង គ្មានស្លាកយីហោគ្មានឈ្មោះ បាននាំគ្នាធ្វើកូដកម្មតវ៉ាចំពោះទង្វើរបស់ថៅកែជាជនជាតិចិន ដែលបានបង្ខំឱ្យកម្មការិនីកំពុងមានផ្ទៃពោះ ទោះជាជិតគ្រប់ខែក៏ដោយ ត្រូវស្លៀកខោ (មិនអនុញ្ញាតឱ្យស្លៀករ៉ូប) និងមិនទូទាត់លុយថែមម៉ោងឱ្យក្រុមកម្មករទៀតផង ជាហេតុធ្វើឱ្យក្រុមកម្មករកើតទុក្ខមិនសុខចិត្តនាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌ១២ចំណុច។

ករណីកម្មករផ្ទុះកូដកម្មខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រអត់ឈ្មោះ តាមផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីកម្មការិនីមួយរូបបានឱ្យដឹងថា រោងចក្រកាត់ដរសម្លៀកបំពាក់ខាងលើ គ្មានឈ្មោះគ្មានយីហោទេ មានថៅកែជាជនជាតិចិន និងមានកម្មករសរុបបម្រើការងារចំនួន២៨០នាក់ ហើយខាងក្រុមហ៊ុនគ្មានធ្វើកាតសម្គាល់ជូនកម្មករឡើយ។ ហើយអ្វីដែលធ្វើឱ្យកម្មករខឹងសម្បានោះ គឺថៅកែក្រុមហ៊ុនដូចជ្រុលពេកហើយ កាលបើដឹងថា កម្មការិនីរូបណាមានផ្ទៃពោះ ភាគច្រើនបណ្តេញចោលពីការងារ។

ចំណែកកម្មការិនីម្នាក់ទៀតបានឱ្យដឹងថា ដោយរោងចក្រមិនបានគោរពនូវលក្ខខណ្ឌការងារ បង្ខិតបង្ខំឱ្យកម្មការិនីរូបណាពោះធំឱ្យស្លៀកខោ ចំណែកការងារថែមម៉ោងតែមិនគិតលុយឱ្យ ហើយនៅបានគំរាមមកលើកម្មករទៀត ទើបធ្វើឱ្យកម្មករទ្រាំលែងបាន ក៏នាំគ្នាធ្វើកូដកម្មទាំង២៨០នាក់ នៅព្រឹកថ្ងៃទី២៩ កក្កដានេះតែម្តង ដោយទាមទារនូវលក្ខខណ្ឌចំនួន១២ចំណុចពីថៅកែ។

លក្ខខណ្ឌទាំង១២ចំណុច ដែលក្រុមកម្មករ-កម្មការិនីខាងលើទាមទាររួមមាន

ទី១-ក្រុមហ៊ុនមិនត្រូវបង្ខំ ឱ្យកម្មករធ្វើការថែមម៉ោងកាលបើការងារថែមម៉ោងដោយស្ម័គ្រចិត្ត ត្រូវតែគិតលុយជូនកម្មករ។

ទី២-ក្រុមហ៊ុន មិនត្រូវបង្ខំឱ្យកម្មការិនីពោះធំឱ្យស្លៀកខោ ហើយត្រូវឱ្យកម្មការិនីពោះធំទាំងអស់ ចេញមុនម៉ោង១៥នាទី។

ទី៣-សូមឱ្យក្រុមហ៊ុនទូទាត់បំណាច់ឆ្នាំ៥ភាគរយ។

ទី៤-ត្រូវរៀបចំកម្មករឱ្យមានកាតការងារប័ណ្ណ ប.ស.ស។

ទី៥- ក្រុមហ៊ុនត្រូវបំពាក់កង្ហារបន្ថែម ដើម្បីសម្រួលបរិយាកាសក្នុងកន្លែងការងារ។

ទី៦-ក្រុមហ៊ុនត្រូវរៀបចំឱ្យមានពេទ្យ ថ្នាំពេទ្យ។

ទី៧-ក្រុមហ៊ុនកាត់លុយកម្មករ ដែលអវត្តមាន១ទៅ៣ថ្ងៃ តាមសមាមាត្រ។

ទី៨-ក្រុមហ៊ុនណែនាំបុគ្គលិកជនជាតិចិន ប្រើប្រាស់សម្តីឱ្យបានសមរម្យ។

ទី៩-ក្រុមហ៊ុនត្រូវចែកម៉ាសជូនកម្មករ។

ទី១០-ក្រុមហ៊ុនគិតលុយការងារ កម្មករធ្វើការម៉ោង៦-៧យប់។

ទី១១-ត្រូវរៀបចំបន្ទប់ទឹក ឱ្យមានទឹក សាប៊ូលាងដៃឱ្យបានសមរម្យ។

និងទី១២-សូមឱ្យក្រុមហ៊ុន ឱ្យមានលុយតួនាទីជូនកម្មករ។

សូមបញ្ជាក់ ការធ្វើកូដកម្មតវ៉ារបស់ក្រុមកម្មករទាំង២៨០នាក់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ មិនបានសម្រេចនោះទេ ទើបកម្មករទាំងអស់នៅតែមិនចូលធ្វើការងារ ហើយសមត្ថកិច្ចអាជ្ញាធរក៏បានចុះទៅសម្របសម្រួលរក្សានូវសន្តិសុខ ជៀសវាងកើតមានហិង្សាដោយប្រការណាមួយផងដែរ៕

RELATED ARTICLES