ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ត្រូវបានគេឃើញថាតែងបង្ហោះបង្អួតពីជិវិតហៃសូ (High Show) របស់ខ្លួន ប្រើប្រាស់របស់របរសម្ភារទំនើបៗ ស្លៀកពាក់ថ្លៃៗ ចូលហាងល្បីៗ ដើរលេងចូលក្លឹបរាត្រី ចាយលុយយ៉ាងហ៊ឺហា។
ប៉ុន្តែធាតុពិតនៃជីវិតរបស់នារីរូបស្រស់ម្នាក់នេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិសេសមិត្តភក្តិដែលស្គាល់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនារីរូបស្រស់រស់នៅហៃសូ ក្លាយជាមុខសញ្ញាចោរវះកាបូបតាមផ្សាររាត្រី និងត្រូវអស់លក្ខណ៍ដោយសារសមត្ថកិច្ចក្របួចជាប់។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំសហការជាមួយកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ពីបទប៉ុនប៉ងលួច (លុយក្នុងកាបូប) នៅចំណុចក្នុងផ្សាររាត្រី ផ្លូវ១០៨ ភូមិទី៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាមោ់ង៨យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះធូ ស្រីទូច ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាស្រីស្អាតហៃសូក្នុងបណ្តាញសង្គមហ្វេសប៊ុក) មានលំនៅផ្ទះជួលផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ក្រោយកើតហេតុបានដើរចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ។ រីឯវត្តុតាងចាប់យកមានទូរស័ព្ទដៃ១គ្រឿងម៉ាក ណូគាចុចពិល ស៊ីមលេខ០៦៩៤៥២១៦៨ និងកាបូបស្ពាយពណ៌សូកូឡាចំនួន១ (ជារបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុខពេលកើតហេតុកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នារីរូបស្រស់ជាជនសង្ស័យឈ្មោះធូ ស្រីទូច និងបក្ខពួកម្នាក់ទៀតឈ្មោះឥត ភេទស្រី អាយុប្រហែល១២ឆ្នាំ បានចេញពីម្តុំរោងចក្រឆ្នាំង ដោយជិះម៉ូតូកង់បី១គ្រឿង សំដៅមកផ្សាររាត្រីក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលដើរទិញអីវ៉ាន់។

លុះពេលមកដល់ ជនសង្ស័យទាំង២នាក់ក៏បានជួបជាមួយបក្ខពួកចំនួន៣នាក់ទៀត ហើយក៏បាននាំគ្នាដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជាមួយគ្នា ពេលនោះជនសង្ស័យឈ្មោះឥត បានឃើញស្ត្រីម្នាក់អាយុប្រហែល៣០ឆ្នាំ កំពុងស្ពាយកាបូបឈរទិញអីវ៉ាន់ក៏ធ្វើសកម្មភាពបម្រុងរូតកាបូបលួចលុយ ក៏ត្រូវបានកម្លាំងផ្នែកយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញប្រទះឃើញទាន់ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះធូ ស្រីទូច យកមកកាន់ទីស្នាក់ការប៉ុស្តិ៍វត្តភ្នំដើម្បីធ្វើការសាកសួរ។ ចំណែកបក្ខពួកចំនួន៤នាក់ទៀត បានរត់គេចខ្លួនបាត់អស់ រីឯជនរងគ្រោះក៏ដើរចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីនោះឡើយ។

នារីរូបស្រស់ជាជនសង្ស័ខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ជាមួយនេះសមត្ថកិច្ចក៏កំពុងតាមប្រមាញ់បក្ខពួកជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់ផងដែរ។

ដោយឡែកក្រោយសមត្ថកិច្ច បង្ហាញមុខជនសង្ស័យជាស្រីស្អាតខាងលើរួចមក ក៏មានគណនីហ្វេសប៊ុកមួយដែលអះអាងថាជាមិត្តភក្តិក្នុងហ្វេសប៊ុកជាមួយនឹងនារីជាសង្ស័យបានលើកឡើងថា “ថ្ងៃណាក៏ឃើញតែងខ្លួនស្អាតចូលក្លឹបផឹកស៊ីសប្បាយ មើលកុន របស់ប្រើប្រាស់ប្រេនៗ បង្ហាញជីវិតហៃសូ (High Show) លើបណ្តាញសង្គម មិនគួរណាប្រព្រឹត្តទង្វើដែលសង្គមស្អប់ខ្ពើមមិនសុតចរិតបែបនេះសោះ…”។

ម្ចាស់គណនីខាងលើបន្តថា “ខ្ញុំដឹងថាខ្ញុំមិនគួរយករូបគាត់មកផុសទេ តែខ្ញុំវាហួសចិត្តពេក… មនុស្សហើយមនុស្ស Friend Fb ខ្ញុំសោះ ឧស្សាហ៍ឃើញផុសដើរលេងសប្បាយចូលក្លឹបតែងខ្លួនហៃ ហៃ ប្រេនៗ ថែមទាំងពេលខ្លះទៅមើលកុនជួបទៀត នៅក្រៅសម្រស់មិនចាញ់ក្នុង Fb ទេ។ ចុះហេតុអ្វី? បានជាប្រព្រិត្តអំពើដ៏ថោកទាបបែបនេះ?…”៕