ខេត្តបាត់ដំបង ៖ អ្នកគ្រូបង្រៀនម្នាក់បានចាត់សោទ្វារផ្ទះត្រឹមត្រូវដូចរាល់ថ្ងៃមុននឹងចាកចេញទៅបង្រៀន ដោយពុំមានមនុស្សនៅក៏ត្រូវចោរគាស់ទម្លុះទម្លាយចូលទៅលួចទ្រព្យមានតម្លៃ និងលុយដែលខំសន្សំប្រាក់ខែអស់គ្មានសល់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុម៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

សម្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មានករណីលួចគាស់ផ្ទះមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះរបស់ជនរងគ្រោះឈ្មោះគឹម សុធារី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន មានលំនៅចំណុចកើតហេតុខាងលើ។

បើតាមការសាកសួរពីម្ចាស់ផ្ទះខាងលើនេះបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាត់សោទ្វារផ្ទះ រួចចាកចេញទៅបង្រៀនសិស្សនៅសាលា លុះដល់ពេលត្រឡប់មកដល់ផ្ទះវិញក៏ស្រាប់តែឃើញគេគាស់ទ្វារផ្ទះរបស់គាត់ចូលលួចទ្រព្យសម្បត្តិអស់។ ភ្លាមៗនោះគាត់ក៏បានរាយការណ៏ទៅដល់សម្ថកិច្ចឱ្យមូលដ្ឋានចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។

បើតាមសម្តីម្ចាស់ផ្ទះខាងលើបានប្រាប់សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៏នេះគាត់បានបាត់បង់អស់ទ្រព្យសម្បត្តិមួយចំនួន រួមមានប្រាក់ដុល្លារ១,០០០ដុល្លារ (មួយពាន់ដុល្លារ)។ ខ្សែកប្លាទីនបណ្តោងពេជ្រ៤ខ្សែ និងខ្សែដៃប្លាទីន១ខ្សែ។

ករណីនេះ សម្ថកិច្ចជំនាញកំពុងធ្វើកំណត់ហេតុនិងសួរនាំម្ចាស់ផ្ទះខាងលើ ដើម្បីស្រាវជ្រាវឈានទៅកំណត់មុខសញ្ញាបន្តតាមនិតីវិធី ស្វែងរកចាប់ខ្លួនជនសង្ស័យជាចោរយកមកផ្តន្ទាទោស៕
