ដោយសារជាប់ភារកិច្ចត្រូវបន្តការសិក្សានៅបរទេសបន្ថែមទៀត ចៅស្រីដ៏ស្រស់ស្អាតត្រូវបានជីតា គឺសម្តេចតេជោហ៊ុន សែន ចូលរួមជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនោះដែរសម្តេចក៏បានរំលឹកពីអនុស្សាវរីយ៍ដែលឪពុកម្តាយរបស់សម្តេចបានជូនដំណើរ ដោយបររទេះគោចម្ងាយរាប់សិបគីឡូមកកាន់កំពង់ផែ ដើម្បីឲ្យសម្តេចឡើងលើកប៉ាល់មករៀននៅភ្នំពេញ។

សម្តេចហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកថា “ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញ បន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំ ជាជីដូន និងកូនស្រីខ្ញុំ ជាម្តាយ ជាប់ការងារមិនអាចជូនដំណើរបាន តម្រូវឲ្យខ្ញុំជាជីតាឆ្លៀតពេលជូនដំណើរចៅដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី”។

សម្តេចបានបន្ថែមថា “កាលពេលមុន ខ្ញុំនិងភរិយា រួមនឹងឪពុកខ្ញុំផង ធ្លាប់ជូនដំណើរកូនៗខ្ញុំ ពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះដល់ពេលត្រូវជូនដំណើរចៅម្តង ដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្តសម្រាប់ការសិក្យារបស់ពួកគេ”។

សម្តេចបានរំលឹកអនុស្សាវរីយ៍កាលនៅសិក្សាថា “និយាយដល់រឿងនេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារ ឪពុកម្តាយខ្ញុំបានបររទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែ ដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀល និងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តី តែខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយជូនដំណើរ ដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូត ផុតកន្ទុយភ្នែកមើលលែងឃើញ”។

ជាចុងក្រោយសម្តេចបានបញ្ជាក់ថា “កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះក៏បានសន្យាជាមួយខ្ញុំថា ចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថា ចៅមួយនេះនឹងជោគជ័យក្នុងការសិក្សារបស់គេ ដើម្បីជំរុញឱ្យចៅ១៩នាក់ផ្សេងទៀត យកជាគំរូតាម”៕





