ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីប្រពន្ធលែងលះរួចមកក៏ចាប់ផ្តើមខូចចិត្តដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតដល់ក្លាយជាមនុស្សប្រមឹក លុះក្រោយពីផឹកស្រវឹងជោកជាំក៏បានចុះរាវរកលៀស បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចទន្លេបាសាក់ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសុខ ចាន់ណារ៉ា អាយុ២៩ឆ្នាំ មុខរបរលក់ការ៉េម មានលំនៅក្នុងភូមិឃុំកើតហេតុ។

តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះបានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) កាលពីមុនប្រកបរបរលក់ការ៉េម និងមានប្រពន្ធនឹងគេដែរ តែដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ក៏ត្រូវប្រពន្ធលែងលះចែកផ្លូវគ្នាដើរទៅ ប៉ុន្តែដោយសារកូនប្រុសរបស់គាត់ ទំនងជាមិនដាច់ចិត្តពីប្រពន្ធ ទើបធ្វើឱ្យគេក្លាយជាមនុស្សខូចចិត្តតែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយនៅមុនពេលកើតហេតុកូនរបស់គាត់បានផឹកស្រាស្រវឹងដូចសព្វដង រួចក៏បានចុះទៅទន្លេរាវលៀសហើយបាត់រហូត ស្រាប់តែមកដល់ថ្ងៃកើតហេតុក៏មានគេប្រទះឃើញកូនប្រុសគាត់លង់ទឹកស្លាប់បែបនេះតែម្តង។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ គេឃើញជនរងគ្រោះដែលទើបនឹងផឹកស្រាស្រវឹងឹជោកជាំបានចុះទៅរាវលៀសក្នុងទន្លេបាសាក់ខាងត្បូង កំពង់ចម្លងព្រែកម៉ៅ ស្ថិតនៅក្នុងភូមិស្វាយជួរឃុំកោះខែល ស្រុកស្អាង បន្ទាប់មកក៏បាត់ខ្លួនរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹក ហើយបានរាយការណ៍មកសមត្ថកិច្ចចុះទៅមើលឃើញប្រាកដមែន។

ក្រោយពីសមត្ថកិច្ចជំនាញ និងមន្ត្រីប៉ុស្តិ៍ពិនិត្យសពរួចឃើញថា ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕