ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសម្នាក់រួមនឹងបងប្អូនជីដូនមួយប៉ុនម្នាននាក់ទៀតបាននាំគ្នាកាច់ពោតយកទៅដុតនៅក្នុងភ្នក់ភ្លើង ដែលគេបានកាប់រំលើងគុម្ពឬស្សីដុតចោល លុះដុតពោតឆ្អិនក៏នាំគ្នាអង្គុយហូបក្បែរគល់គុម្ពឬស្សី ស្រាប់តែភ្លើងឆេះចុងឬស្សីអស់ក៏ក្រឡាប់គល់មកសង្កត់លើក្មេងប្រុសបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបងជីដូនមួយម្នាក់រងរបួសស្រាល។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយសាលាបឋមសិក្សាតំបែរ ស្ថិតក្នុងភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ។
ក្មេងប្រុសរងគ្រោះដែលត្រូវគុម្ពឬស្សីរលំសង្កត់ស្លាប់ មានឈ្មោះហ៊ុន ស្បៃ អាយុ៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះដែលរងរបួសស្រាល មានឈ្មោះយឿន សុខយ៉េន អាយុ១៨ឆ្នាំ ត្រូវជាបងជីដូនមួយបង្កើតរបស់សពក្មេងប្រុសរងគ្រោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះនិងបងប្អូនជីដូនមួយប៉ុន្មាននាក់ទៀត បាននាំគ្នាកាច់ពោតយកទៅដុតនៅនឹងគុម្ពឬស្សីឆេះ ដែលគុម្ពឬស្សីនោះត្រូវបានអ្នកភូមិកាប់រំលើងទាំងគល់រួចដុតចោល។ លុះក្រោយពេលដុតពោតឆ្អិនហើយ ក្មេងប្រុសរងគ្រោះរួមនឹងបងប្អូនក៏នាំគ្នាអង្គុយខាងក្រោយគុម្ពឫស្សីហូបពោតយ៉ាងសប្បាយ ស្រាប់តែឫស្សីឆេះចុងអស់ ក៏ដួលក្រឡាប់មកក្រោយវិញសង្កត់ទៅលើក្មេងប្រុសរងគ្រោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឈ្មោះយឿន សុខយ៉េន របួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕