តារាសម្ដែងជើងចាស់ដែលប្រឡូកសិល្បៈកាលពីឆ្នាំ២០០១លោកឈួន ឈឿន ហៅនាយប្រិមប្រិយ អាយុ៥២ឆ្នាំ ត្រូវក្មេងញៀនថ្នាំឈ្មោះយ៉ុន សុខខៃ កាប់សុះសាច់កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង៩យប់ នៅភូមិកោះក្របី ខណ្ឌច្បាអំពៅ បណ្ដាលឲ្យរងជនរងគ្រោះរយៈក្បាល ស្លឹកត្រចៀក ដាច់ម្រាបដៃមួយ ត្រូវបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។

លោកឈួន ឈឿន ត្រូវបានគ្រូពេទ្យដេរ១១៧ថ្នេរ អស់ទឹកប្រាក់៦១០.០០០រៀល ហើយកំពុងបន្ដសម្រាកព្យាបាលនៅមន្ទីពេទ្យបន្ដទៀត ខណៈដែលពេលនេះលោកបានជួបផលវិបាក ដោយសារខ្វះខាតប្រាក់ព្យាបាលជំងឺ។

អ្វីដែលលោកឈឿន បារម្ភនោះ គឺម្រាបដៃរបស់លោកប្រឈមការពិការ ហើយក្បាលរបស់លោកដេរជាច្រើនថ្នេរនោះ អាចប្រឈមបញ្ហាធ្ងន់ធ្ងរ បើទោះជាលោកគ្រូពេទ្យបានតាមដាន និងព្យាបាលដោយយកចិត្តទុកដាក់ក្ដី។
នេះជាដំណឹងដ៍តក់ស្លក់ស្លុតមួយសម្រាប់តារាធ្លាប់រួមអាជីពជាមួយលោកឈួន ឈឿន ពួកគេអាចជួយថវិកា ឬទាក់ទងទៅអតីតតារាសម្ដែងរូបនេះ តាមរយៈលេខទូរស័ព្ទ ០១០ ៨៣៥ ៦០៧ ឬ ០១២ ៨៣៥ ៦០៧។

លោកឈួន ឈឿន ធ្លាប់សម្ដែងភាពយន្ដជាច្រើនរឿង ដូចជារឿង ”ល្អាងឃុំព្រលឹង” ដែលលោកសម្ដែងជានាយប្រឹបប្រិយ, រឿង ”អាឡេវ”, ”ព្រាយដែកគោល”, “ខ្មោចភូមិរី” និងរឿង ”ល្មមហើយលោកប្ដី”ជាដើម។

អតីតតារាសម្ដែងរូបនេះថា លោកកំពុងពិចារណាប្ដឹងជនបង្កទៅតាមផ្លូវច្បាប់ ប៉ុន្តែប្រពន្ធជនបង្ករូបនោះចេះតែអង្វរកលោកខ្លាំងពេក ព្រោះមានកូនខ្ចី មិនចង់ឃើញប្ដីជាប់គុក ទើបលោកមិនទាន់សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅប៉ូលិសខណ្ឌច្បារអំពៅ នៅឡើយ៕