Monday, November 24, 2025
Homeព័ត៌មានជាតិកំពុងថតសែលហ្វី... ស្រាប់តែលេចមុចមក អ្នកខ្លះរត់ធ្លាក់ទឹក

កំពុងថតសែលហ្វី… ស្រាប់តែលេចមុចមក អ្នកខ្លះរត់ធ្លាក់ទឹក

ភ្នំពេញ ៖ យុវជនមួយក្រុមបាននាំគ្នាជិះម៉ូតូទៅអង្គុយលេងនៅម្តុំដីវាលមួយកន្លែង រួចក៏នាំគ្នាថតសែលហ្វីលេង ស្រាប់តែលេចមុខក្មេងទំនើង១ក្រុមព្រួតគ្នាដេញកាប់ ធ្វើឱ្យភាគីខាងជនរងគ្រោះភ័យរត់ធ្លាក់ចូលទឹក និងត្រូវក្មេងទំនើងដេញកាប់ដល់ក្នុងទឹក បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ហេតុការណ៍អំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំដីវាល១កន្លែង (ព្រំប្រទល់សង្កាត់២ជាប់គ្នា) ដែលស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម និងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ភូមិត្រពាំងជ្រៃ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលត្រូវក្មេងទំនើងដេញកាប់ឱ្យរងរបួសធ្ងន់ មានឈ្មោះសិន រ៉ាត់ អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រោក ឃុំតាសុះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកមិត្តភក្តិជនរងគ្រោះម្នាក់ទៀត ដែលរងរបួសស្រាលមិនស្គាល់ឈ្មោះ រស់នៅខេត្តកំពត។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ។ ដោយឡែកភាគីខាងក្រុមជនបង្កមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ ហើយក៏មិនស្គាល់អត្តសញ្ញាណផងដែរ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងម្តុំដីវាលខាងលើ ដោយមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង បន្ទាប់មកក៏ឃើញភាគីក្រុមជនបង្កអង្គុយផ្តុំគ្នានៅចំណុចដីវាល ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ផងដែរ។

ប្រភពដដែលបានបន្តថា ពេលពួកគាត់នាំគ្នាអង្គុយថតសែលហ្វីលេងសុខៗ ស្រាប់តែភាគីខាងក្រុមជនបង្កបានព្រួតវាយមកលើពួកគាត់ ធ្វើឱ្យភ័យពួកគាត់ភ័យរត់បាត់អស់ បន្ទាប់មកជនរងគ្រោះម្នាក់ឈ្មោះសិន រ៉ាត់ បាននាំមិត្តភក្តិម្នាក់ផ្សេងទៀតដែលទើបមកថ្មី ដើម្បីបង្ហាញកន្លែង ដែលត្រូវគេដេញវាយលើកដំបូង។

ស្រាប់តែរំពេចនោះក្រុមជនបង្កខាងលើបាននាំគ្នាដេញវាយជនរងគ្រោះទាំង២នាក់ភ័យរត់ចោលម៉ូតូ ហើយភាគីខាងក្រុមជនបង្កដេញកាប់ជនរងគ្រោះជាច្រើនកាំបិត ទោះបីជាជនរងគ្រោះភ័យរត់ធ្លាក់ទឹកក៏ដោយ ក៏ភាគីក្រុមជនបង្កនៅតែនាំគ្នាដេញកាប់ដល់ក្នុងទឹកទៀត បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាលដោយសាររត់រួច ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវភាគីខាងជនបង្កនាំគ្នាវាយកម្ទេចបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយភាគីក្រុមជនបង្កនាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះត្រួវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម យកទៅរក្សាទុកនៅប៉ុស្តិ៍សិន រង់ចាំប្រគល់ឱ្យម្ចាស់វិញ។/

RELATED ARTICLES