ខេត្តស្ទឹងត្រែង ៖ យុវជនជាមន្ត្រីយោធាបម្រើការនៅអង្គភាពកងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំយោធភូមិភាគទី១ ចំនួន២នាក់កំពុងជិះម៉ូតូដឹកគ្នាឆ្លងស្ពាន ដែលត្រូវគេសាងសង់ទុកសម្រាប់ឆ្លងអូរធ្វើដំណើរបណ្តោះអាសន្ន ស្រាប់តែទឹកហូរកួចខ្លាំងពេក បណ្តាលឱ្យបាក់ស្ពានស្រុតដីចូលទឹកលិចទាំងម៉ូតូ ទាំងមនុស្ស២នាក់ បាត់ខ្លួនរកមិនឃើញ និងត្រូវបានប្រជាពលរដ្ឋនៅចំណុចភូមិសាស្ត្រអូអាឡៃ ស្រុកសៀមប៉ាង ថតបានទិដ្ឋភាពជាក់ស្តែង មើលទៅគួរឱ្យរន្ធត់បំផុត។

ហេតុការណ៍យោធា២នាក់ជិះម៉ូតូឆ្លងស្ពាន ក៏ត្រូវស្ពានបាក់ធ្លាក់ចូលទឹកបាត់ខ្លួននេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្ពានអូរម៉ា ក្នុងភូមិសាស្ត្រអូរអាឡៃ ស្រុកសៀមប៉ាង ព្រំដែនកម្ពុជា-ឡាវ។

ជនរងគ្រោះទាំង២នាក់ខាងលើ រួមមាន ទី១-ឈ្មោះសុខ វណ្ណឌី និងទី២-ឈ្មោះភីនី ដាលិ ជាយោធានៅអង្គភាពកងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាយោធាទាំងពីរនាក់ខាងលើជិះម៉ូតូ១គ្រឿង ឆ្លងកាត់ស្ពានឆ្លងអូរ ដែលទុកសម្រាប់ធ្វើដំណើរបណ្តោះអាសន្នដែលជាកន្លែងកើតហេតុនោះ ស្រាប់តែរំពេចនោះ ស្ពានក៏បានបាក់ស្រុតដីធ្លាក់ទាំងម៉ូតូ ទាំងជនរងគ្រោះទាំង២នាក់ចូលក្នុងទឹកលិចបាត់តែម្តង ខណៈដែលទឹកកំពុងហូរខ្លាំង ទើបធ្វើឱ្យទាំងមនុស្សនិងម៉ូតូហូរទៅតាមខ្សែទឹកបាត់ លុះរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះជាយោធាទាំងពីរខាងលើ នៅមិនទាន់រកឃើញនៅឡើយ។

ដោយឡែកនារីម្នាក់មានឈ្មោះក្នុងគណនីហ្វេសប៊ុក មានឈ្មោះ Pen MonniRathika ដែលអះអាងថាជាម្តាយមីងរបស់លោកភីនី ដាលិ បានបង្ហោះសារថា “មិត្តភក្តិមានជំងឺក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន…សូមព្រះជួយតាមថែរក្សាក្មួយ
ឈ្មោះ: ភីនី ដាលិ
អត្ថលេខ: 247380
មុខងារ នាយក្រុមស៊ើបការ
អង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ
មិនថាចុងក្រោយនឹងទៅជាយ៉ាងណា យ៉ាងហោចណាស់ ក៏ក្មួយបានធ្វើរឿងដែលគួរធ្វើ”៕


