ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានចូលទៅទម្លាក់មុងក្រោលគោ ស្រាប់តែចៃដន្យយកដៃទៅកាន់ប៉ះជញ្ជាំងស័ង្កសី បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះគាំ មាន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកូនរបស់លោកយាយរងគ្រោះបានរៀបរាប់ប្រាប់ថា រាល់ពេលល្ងាចគឺម្តាយតែងតែទៅដាក់មុងឱ្យគោមិនដែលខានឡើយ។ លុះមកដល់ថ្ងៃកើតហេតុម្តាយបានដើរចូលទៅដាក់មុងឱ្យគោក្នុងក្រោលដូចសព្វដង ដោយមិនដឹងថាមានខ្សែភ្លើងដាច់ជាប់ និងជញ្ជាំងស័ង្កសី ហើយឆ្លងចរន្តពេញមួយតួផ្ទះ ចៃដន្យម្តាយគាត់ក៏បានយកដៃកាន់ជញ្ជាំងក៏ត្រូវខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕