Monday, November 24, 2025
Homeព័ត៌មានជាតិឃើញដេកក្នុងអង្រឹង មិនហ៊ានហៅទេ... ស្រាប់តែប្រជាពលរដ្ឋមកប្រាប់ ទើបធ្លាយរឿង

ឃើញដេកក្នុងអង្រឹង មិនហ៊ានហៅទេ… ស្រាប់តែប្រជាពលរដ្ឋមកប្រាប់ ទើបធ្លាយរឿង

ភ្នំពេញ ៖ បុរសជាអ្នកបើកបរម៉ូតូកង់បីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងអង្រឹងសង្ស័យខ្យល់គរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុម២ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាកសពបុរសរងគ្រោះមានឈ្មោះង៉ន់ ម អាយុ៥៤ឆ្នាំ មុខរបរជួយមើលថែ ធ្វើអនាម័យនៅកន្លែងកើតហេតុ ឆ្លៀតទំនេររត់ម៉ូតូកង់បី និងមានស្រុកកំណើតភូមិអាងខ្ចៅ ឃុំពែង ស្រុកគិរីវង់ ខេត្តតាកែវ។

តាមប្រភពពីបុរសអ្នកបើកកង់បីប្រាប់សមត្ថកិច្ចថា នៅព្រឹកមុនកើតហេតុគាត់បានមកយករ៉ឺម៉កកង់បីដែលទុកក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនសង្កាត់ទឹកថ្លា ខណៈមកដល់មិនឃើញជនរងគ្រោះដូចសព្វដង ក៏ដើរចូលមកមើលឃើញទ្វារស្នាក់ការបិទ គាត់ក៏អើតមើលតាមបង្អួច ស្រាប់តែឃើញបុរសខាងលើដេកលើអង្រឹងដោយធ្លាក់ជើងផ្នែកខាងឆ្វេងមកក្រោម ហើយពេលនោះគាត់មិនហៅអីទេបានចេញទៅវិញ។

លុះមួយសន្ទុះក្រោយស្រាប់តែឮប្រជាពលរដ្ឋប្រាប់ថា មានអ្នកដេកស្លាប់ក្នុងស្នាក់ការបក្សមកមើលម្តងទៀត ទើបដឹងថាជនរងគ្រោះស្លាប់មែន ក៏រាយការណ៍ប្រាប់ភូមិសង្កាត់ ដើម្បីរាយការណ៍បន្តមកសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកើតមានអាការខ្យល់គរ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES