Monday, November 24, 2025
Homeព័ត៌មានជាតិស្តាប់គាត់រៀបរាប់ទាំងទឹកភ្នែក ទើបដឹងថា ដោយសារជីវភាព ហើយ ជួបប្តីមិនយល់ចិត្តទៀត

ស្តាប់គាត់រៀបរាប់ទាំងទឹកភ្នែក ទើបដឹងថា ដោយសារជីវភាព ហើយ ជួបប្តីមិនយល់ចិត្តទៀត

ភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់ព្រោះតែតូចចិត្តជីវភាពទីទ័លក្រខ្លាំងពេក រកអង្ករច្រកឆ្នាំងមិនបានណាមួយត្រូវប្តីកំណាចវ៉ៃដំគ្មានលស់ថ្ងៃ ទើបធ្វើឱ្យធុញថប់អារម្មណ៍ក៏ទៅផឹកស្រាថ្នាំអស់៤កែវរហូតដល់ស្រវឹងស្រឿងៗក៏មានគំនិតខ្លីចង់លោតទឹកសម្លាប់ខ្លួនក៏ដើរឡើងស្ពានព្រះមុនីវង្ស ប៉ុនប៉ងលោតចូលទឹកទន្លេ តែត្រូវកូនៗតាមឃាត់ និងត្រូវប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញជួយឃាត់ទាន់ពេលផងដែរ។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ស្ត្រីគិតខ្លីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះតឹក មិក អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ដើរដេកតាមចិញ្ចើមផ្លូវ) មានប្តីប្រកបរបរដើររើសអេតចាយដូចគ្នានិងមានកូនប្រុសតូចៗ ចំនួន២នាក់ក្នុងបន្ទុក។

តាមប្រភពពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគេឃើញស្ត្រីខាងលើស្ថិតក្នុងសភាពស្រវឹងស្រឿងៗបានដើរសំដៅឡើងទៅលើស្ពានព្រះមុនីវង្សថ្មី និងមាន ក្មងប្រុសតូចៗចំនួន២នាក់ដើរតាមពីក្រោយផង ដោយដំបូងឡើយមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ថា ស្ត្រីរិបូនោះប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះទេ។ ស្រាប់តែពេលដើរឡើងដល់ពាក់កណ្តាលស្ពាន ស្ត្រីខាងលើក៏ប៉ុនប៉ងឡើងតោងបង្កាន់ដៃស្ពានដើម្បីលោតចូលទឹកទន្លេសម្លាប់ខ្លួន ប៉ុន្តែត្រូវបានក្មេងៗទាំង២នាក់ប្រតោងប្រទាញមកវិញ និងស្រែកទ្រហោយំហៅគេឯងឱ្យជួយម្តាយពួកគេផង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកដំណើរឆ្លងកាត់ នាំគ្នាជួយឃាត់ស្ត្រីខាងលើមិនឱ្យគិតខ្លី រួចក៏នាំចុះមកក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីសួរនាំរកហេតុផល។

តាមសម្តីស្ត្រីខាងលើបានរៀបរាប់ទាំងទឹកភ្នែកថា ជីវិតនាងពិតជាអភ័ព្វខ្លាំងណាស់រស់នៅក្រីក្រគ្មានទីពឹង មានប្តីនិងកូនដល់ទៅ២នាក់ ប៉ុន្តែគ្មានមុខរបរអ្វីក្រៅពីដើររើសអេតចាយចិញ្ចឹមជីវិតនោះទេ។ រីឯផ្ទះសំបែងក៏គ្មាន  ដើរដល់កន្លែងណាដេកតាមចិញ្ចើមផ្លូវកន្លែងហ្នឹង។ ចំណែកប្តីរបស់នាងគឺជាមនុស្សប្រមឹកឱ្យតែផឹកស្រវឹង តែងរករឿងបង្កជម្លោះ វាយតប់នាងមិនដែលខានឡើយ។

ស្ត្រីខាងលើបន្តថា នៅមុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នាងបានផឹកស្រាថ្នាំអស់៤កែវ ធ្វើឱ្យស្រវឹងស្រឿងៗក៏ចេះតែគិតរវើរវាយ ណាមួយពិបាកចិត្តរឿងជីវភាពទីទ័លក្រផង ត្រូវប្តីវាយដំធ្វើបាបព្រឹកល្ងាចផង ទើបទាល់គំនិតក៏លែងចង់រស់បន្តទៅទៀត។

លុះមកដល់វេលាម៉ោងកើតហេតុខាងលើ នាងក៏បានដើរឡើងលើស្ពានព្រះមុនីវង្ស  បំណងលោតទឹកសម្លាប់ខ្លួនដើម្បីឱ្យបញ្ហាស្មុគស្មាញទាំងឡាយត្រូវបញ្ចប់ តែត្រូវកូនៗនាងចាប់ឃាត់ ធ្វើឱ្យផ្អើលដល់អ្នកដំណើរមកជួយឃាត់ថែមទៀត។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានជួយឃាត់ស្ត្រីខាងលើ នាំយកមកខាងក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីពន្យល់ណែនាំកុំឱ្យគិតខ្លីទៀត ព្រោះអាណិតកូនៗដែលនៅតូចៗមិនដឹងទៅរំពឹងអ្វី បើគ្មានម្តាយមើលថែ។

បន្ទាប់ពីស្វាងស្រាបន្តិចណាមួយស្តាប់ យល់ហេតុផលហើយ ស្ត្រីខាងលើក៏សន្យាថានឹងឈប់គិតខ្លីបែបនេះទៀតហើយ រួចក៏នាំកូនៗដេកសម្រាកនៅខាងក្រោមស្ពានអាកាសក្បាលថ្នល់១យប់ទៅ៕

RELATED ARTICLES