Monday, November 24, 2025
Homeព័ត៌មានជាតិគាត់ប្រើប្រាស់ជំនាញផ្ទាល់ខ្លួនយូរឆ្នាំដែរ... ល្មមដល់ពេលសម្រាកហើយ

គាត់ប្រើប្រាស់ជំនាញផ្ទាល់ខ្លួនយូរឆ្នាំដែរ… ល្មមដល់ពេលសម្រាកហើយ

ភ្នំពេញ ៖  កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ បានសហការជាមួយកម្លាំងសន្តិសុខរោងចក្រកាត់ដេរហុងវ៉ា ចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមុខសញ្ញាជំនាញខាងបុកលូកហៅប៉ៅនិងកាបូបយកលុយនៅតាមទីប្រជុំជននិងផ្សារនានា ក្នុងខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្ត្រីម្នាក់នេះសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅខាងមុខរោងចក្រកាត់ដេរហុងវ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈកំពុងធ្វើសកម្មភាពដើរបុកកម្មការិនីផ្នែកអនាម័យរោងចក្រម្នាក់ រួចបន្លំលូកកាបូបយកកាតការងារដែលគាត់ទុកលុយក្នុងនោះបានសម្រេច តែគេចខ្លួនមិនរួច ដោយត្រូវបានស្ត្រីរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចនិងសន្តិសុខ។

ស្ត្រីសង្ស័យមានឈ្មោះទូច ស្រីអូន អាយុ៣៣ឆ្នាំ មានលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ស្នាក់នៅផ្ទះជួលក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ រីឯស្ត្រីរងគ្រោះឈ្មោះអ៊ិន សុខលីម អាយុ៥៧ឆ្នាំ មុខរបរកម្មការិនីផ្នែកអនាម័យនៅរោងចក្រកាត់ដេរហុងវ៉ា មានលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយលុយចំនួន៣០០ដុល្លារ និង១៦ម៉ឺនរៀល ដែលគាត់ទុកក្នុងកាតការងារត្រូវបានដកហូតមកវិញ មិនបាត់បង់ឡើយ។

កម្មការិនីចំណាស់រូបនេះបានរៀបរាប់ថា គាត់តែងតែទុកលុយនៅក្នុងកាតការងារពាក់ជាប់កជានិច្ច លុះដល់ពេលសម្រាកពីការងារទើបដោះកាតចេញពីកដាក់ចូលទៅក្នុងកូនកាបូបស្ពាយ។

ដោយឡែកនៅមុនពេលកើតហេតុ គាត់បានចេញពីក្នុងរោងចក្រទៅខាងមុខ ដែលមានអ្នកលក់ដូរដើម្បីរកទិញម្ហូបអាហារ ស្រាប់តែស្ត្រីសង្ស័យម្នាក់នោះដើរមកបុកគាត់ទាំងកម្រោល និងបន្លំលូកយកកាតការងារនៅក្នុងកាបូបស្ពាយរបស់គាត់។

ប្រភពដដែលបានបន្តថា ពេលនោះគាត់មិនបានដឹងថា កាតដាក់លុយត្រូវស្ត្រីសង្ស័យលូកយកទេ ដោយនឹកស្មានថា គ្រាន់តែដើរបុកជាធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដើរផុតបន្តិច គាត់ក្រឡេកឃើញស្ត្រីនេះកាន់កាត១នៅនឹងដៃ ហើយដោយមានការសង្ស័យគាត់បើកមើលកាតក្នុងកាបូបស្រាប់តែបាត់ ទើបគាត់ដឹងថា ស្ត្រីសង្ស័យលួចកាតរបស់គាត់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ខណៈនោះក្រុមសន្តិសុខយាមរោងចក្រ និងនគរបាលប៉ុស្តិ៍ចោមចៅ១ ជួយចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES